ដោយៈ វ៉ៃកូ/ស្វាយរៀង: លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងនិងលោក ហម សារ៉ាវុធ អគ្គនាយករងរដ្ឋបាលព្រៃឈើ
នាព្រឹកថ្ងៃទី២ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជួបជាមួយប្រជាពលរដ្ឋដើម្បីពិភាក្សាដោះស្រាយរួមអំពីការរុករានកាន់កាប់ និងអាស្រ័យផលលើដីស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើក្រសាំង។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់លោកអភិបាលរងស្រុករមាសហែក ក្រុមការងាររដ្ឋបាលព្រៃឈើក្រសួងកសិកម្មនិងក្រុមការងារមន្ទីរកសិកម្មខេត្ត អស់លោកលោកស្រី ក្រុមការងារថ្នាក់ស្រុក ឃុំត្រស់ និងអណ្តូងត្របែកផងដែរ។
លោក ម៉ែន អេង បានមានប្រសាសន៍ឱ្យដឹងថា កិច្ចការងាររបស់រដ្ឋបាលខេត្តស្វាយរៀងគឺជាអ្នកសម្របសម្រួលពីព្រោះថារឿងដីនេះវាពាក់ព័ន្ធទៅនឹងក្រសួងកសិកម្មដែលមានតំណាងក្រសួងកសិកម្មជាអ្នកចូលមកដើម្បីត្រួតពិនិត្យហើយនិងព្យាយាមដោះស្រាយឱ្យបងប្អូន។ ប៉ុន្តែមួយរយៈនេះក៏មានលេចឡើងនូវរឿងថ្មីមួយដែលលោកធ្លាប់បានសួរបងប្អូនទាំងអស់គ្នាថា:បងប្អូនទាំងអស់គ្នាមិនត្រូវការទេអ្នកតំណាងប៉ុន្តែឥឡូវនេះមានអ្នកតំណាងបងប្អូនចំនួន៥នាក់ដែលគាត់បានអះអាងថាតំណាងបងប្អូនចំនួន ២៣១ គ្រួសារហើយឥឡូវនេះបងប្អូនបែរជាប្រគល់សិទ្ធិឲ្យពួកគាត់ជាអ្នកតំណាងទៅវិញ?
លោក ម៉ែន អេង បានមានប្រសាសន៍បន្តទៀតថា នាពេលកន្លងមកអ្នកតំណាងពីមុនជាអ្នកបង្កបញ្ហារហូតមកដល់សព្វថ្ងៃនេះពីព្រោះថាមានបងប្អូនប្រជាពលរដ្ឋយើងបាននាំគ្នារៃអង្គាសថវិកាឲ្យអ្នកតំណាងក៏ដូចជាបណ្ដាញអ្នកសារព័ត៌មានមួយចំនួនអញ្ចឹងហើយនៅពេលដែលលោកបានអញ្ជើញមកជួបជាមួយបងប្អូនលោកតែងតែប្រាប់បងប្អូនប្រជាពលរដ្ឋកុំឱ្យចំណាយថវិកានៅក្នុងការរត់ឯកសារដែលវាខុសនឹងនីតិវិធីហេតុដូច្នេះហើយលោកសូមអំពាវនាវកុំឱ្យបងប្អូនចាញ់បោកគេ។
លោកអភិបាលរងខេត្តក៏បានក្រើនរំលឹកដល់បងប្អូនអ្នកសារព័ត៌មានទាំងក្នុងខេត្តនិងក្រៅខេត្តមួយចំនួនកុំធ្វើស្រូវលើខ្នងប្រជាពលរដ្ឋដែលជាហេតុធ្វើឲ្យគាត់មានការបន្ទុកចិត្តលើរដ្ឋបាលខេត្តក្នុងការដោះស្រាយនូវបញ្ហាផ្សេងៗ ដូច្នេះហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋមានកិច្ចការអ្វីនោះត្រូវធ្វើសំណុំលិខិតក៏ដូចជាសំណើទៅតាមភូមិឃុំស្រុកក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់មិនត្រូវធ្វើរំលងរដ្ឋបាលខេត្តនោះឡើយពីព្រោះថាការដោះស្រាយគឺថ្នាក់ក្រោមជាអ្នករៀបចំសំណុំឯកសារទៅតាមផ្លូវច្បាប់។
លោក ហម សារ៉ាវុធ បានមានប្រសាសន៍ផងដែរថា កន្លងមកបងប្អូនប្រជាពលរដ្ឋបានសុំទៅខេត្តក្នុងឆ្នាំ ២០១១ ហើយរដ្ឋបាលខេត្តបានដាក់សំណើជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីដោយសម្តេចបានចាត់ឱ្យធ្វើការវាស់វែងដីនៅទូទាំងប្រទេសតែម្ដងដោយមានមន្ត្រីសុរិយោដីក៏ដូចជានិស្សិតស្ម័គ្រចិត្តដែលនៅពេលវាស់ចែកជូននោះគឺមានរយៈពេលមួយឆ្នាំទើបចប់សព្វគ្រប់ដោយពុំមានការតវ៉ានោះទេមានទាំងរបាយការណ៍ថែមទៀតផង។
លោកបានមានប្រសាសន៍បន្តទៀតថាក្នុងកំឡុងខែកក្កដាឆ្នាំ ២០១២ គណៈរដ្ឋមន្ត្រីបានចេញស.ជ.ណបញ្ចប់រួចហើយដោយមិនទទួលស្គាល់លិខិតផ្សេងៗទៀតនោះឡើយ។ ដូច្នេះហើយសូមកុំឲ្យបងប្អូនប្រជាពលរដ្ឋជឿទៅលើការញុះញង់ថាមានការចែកដីធ្លីធ្វើប្លង់ដីទៀតឱ្យសោះ។ មានអ្នកខ្លះដើរប្រមូលលុយគេឮថាឆ្វៀលដីកន្លែងផ្សេងៗទៀតឱ្យគឺបានបញ្ចប់ហើយបើមានអីត្រូវដាក់ទៅរដ្ឋបាលខេត្ត។ អ្វីដែលខុសគឺវានៅតាមលងជានិច្ច។ អ្នកដែលរំលោភយកដីធ្លីត្រូវមានទោសទណ្ឌ។ ដូច្នេះតំណាងបងប្អូនប្រជាពលរដ្ឋត្រូវស្វែងរកឯកសារគេផងជៀសវាងមានបញ្ហា។
លោកបានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ការដាំឈើដែលមានល្បឿនលឿនដោយដាំវិលជុំ ដូច្នេះរដ្ឋត្រូវធ្វើតាមច្បាប់បើខុសច្បាប់និងទទួលទោសទណ្ឌជាប់ពន្ធនាគារពីមួយឆ្នាំទៅ ៥ឆ្នាំ។
សូមបញ្ជាក់ផងដែរថា:នៅក្នុងឱកាសនោះដែរក្រុមការងារចម្រុះក៏បានអញ្ជើញចុះទៅត្រួតពិនិត្យទីតាំងដីមួយកន្លែងមានទំហំ ៥ ហិកតាស្ថិតនៅក្នុងភូមិបុស្ស ឃុំ ត្រស់ ស្រុករមាសហែកដែលត្រូវបានជនមិនស្គាល់មុខយកកូនឈើទៅដាំក្នុងបំណងរំលោភយកដីរដ្ឋផងដែរ៕ P / N