ប្រែសម្រួលៈ បំណង(ដេល្លីម៉េល)៖តំណាងចិនសំរាប់កិច្ចការអឺរ៉ុប-អាស៊ី នៅថ្ងៃសុក្រនេះបានអំពាវនាវអោយរដ្ឋាភិបាលនានា«ឈប់បញ្ជូនសព្វាវុធទៅកាន់សមរភូមិ»និងបើកកិច្ចពិភាក្សារកសន្តិភាព។
ការអំពាវនាវរបស់លោក លី វ៉េ(Li Hui)កើតឡើងនៅពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងសម្ពន្ធមិត្តអឺរ៉ុបរបស់ខ្លួនកំពុងបង្កើនការផ្គត់ផ្គង់កាំជ្រួចរថក្រោះនិងសព្វាវុធដទៃទៀតទៅអោយកងកម្លាំងអ៊ុយក្រែនដែលកំពុងត្រៀមខ្លួនបើកការវាយបកលើកងកម្លាំងរុស្ស៊ីដើម្បីដណ្តើមទឹកដីមកវិញ។
រដ្ឋាភិបាលចិននិយាយថា ខ្លួនអព្យាក្រិតក្នុងជម្លោះនេះនិងចង់ដើរតួជាអ្នកសម្របសម្រួលមួយ តែតែលោកខាងលិចមិនទុកចិត្តដោយសារតែចិនគាំទ្ររដ្ឋាភិបាលទីក្រុងមូស្គូខាងនយោបាយនិងការទូត។
លោកលីបានប្រាប់អ្នកយកព័ត៌មានថា«ចិនជឿថា បើយើងពិតជាចង់បញ្ចប់សង្គ្រាម សង្គ្រោះអាយុជីវិតមនុស្សនិងចង់ឃើញសន្តិភាពពិត វាសំខាន់សំរាប់ពួកយើងឈប់បញ្ជូនគ្រឿងសព្វាវុធទៅកាន់សមរភូមិ បើមិនអ៊ីចឹងទេ ភាពតានតឹងនឹងកើនឡើងជាប់ហើយរីករាលដាល»។
សូមបញ្ជាក់ថាលោកលី បានទៅធ្វើទស្សនកិច្ច អ៊ុយក្រែន រុស្ស៊ី ប៉ូឡូញ បារាំង អាល្លឺម៉ង់ និងស្នាក់ការសហភាពអឺរ៉ុបចាប់ពីថ្ងៃ១៥ដល់២៨ឧសភា។
ពួកអ្នកវិភាគនយោបាយមើលឃើញឱកាសតិចតួចដែលគំនិតផ្តួចផ្តើមរបស់ចិននេះនឹងធ្វើអោយសភាពការណ៍សង្គ្រាមមានវឌ្ឍនភាព តែវាផ្តល់ឳកាសសំរាប់រដ្ឋាភិបាលទីក្រុងប៉េកាំងពង្រីកតួនាទីការទូតរបស់ខ្លួនលើសកលលោក។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ចេញផែនការសន្តិភាពមួយកាលពីខែកុម្ភៈ តែអ៊ុយក្រែននៅតែនិយាយចចេសថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីន ត្រូវតែដកទាហានរបស់លោកទាំងអស់ចេញពីទឹកដីអ៊ុយក្រែនសិន មុនមានការចរចាសន្តិភាពណាមួយ។
រូបបញ្ចេញដោយក្រសួងការបរទេសរុស្ស៊ី បង្ហាញលោកលី វ៉េ ស្តាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីមានយោបល់ក្នុងអំឡុងជំនួបនៅក្រុងមូស្គូកាលពីថ្ងៃ២៦ឧសភា
លោកលី វ៉េ ក៏បានបញ្ជាក់ថា ភាគីរុស្ស៊ីបានវាយតំលៃខ្ពស់អំពីបំណងប្រថ្នានិងកិច្ចខិតខំរបស់ចិនរបស់ចិនដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។លោកបាននិយាយថា«ហានិភ័យពីការកើនឡើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅតែខ្ពស់។ភាគីទាំងអស់ត្រូវតែធានាសុវត្ថិភាពទីតាំងនុយគ្លេអ៊ែរនិងចាត់វិធានការមាំទាំដើម្បីបន្ថយកំដៅ»៕