ប្រែ​សម្រួលៈ​បំណង​(VNExpress)៖ ហ្វីលីពីន អាម៉េរិក​និង​ជប៉ុន​បាន​ចាប់ផ្តើម​សមយុទ្ធ​ឆ្មាំ​សមុទ្រ​រួមគ្នា​លើកដំបូង​របស់​គេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី១មិថុនា នៅ​ពេល​ប្រទេស​ទាំង​បី​ស្វះស្វែង​ពង្រឹង​កិច្ចសហការ​សន្តិសុខ​សមុទ្រ​ដើម្បី​ទប់ទល់​នឹង​អ្វី​ដែល​ពួក​គេ​ហៅថា ការ​អាងយ៉ាង​កាន់តែខ្លាំង​ឡើង​របស់​ចិន​នៅក្នុង​តំបន់​។​

​សមយុទ្ធ​មួយ​សប្តាហ៍​ត្រូវធ្វើ​នៅ​ជិត​មាត់​ឆកសមុទ្រ​ម៉ា​នី​ឡា បេ​(Manila Bay)​នៅក្នុង​ដែនទឹក​មាន​ជម្លោះ​ដណ្តើម​គ្នា​យ៉ាង​ក្តៅ​នៅក្នុង​សមុទ្រ​ចិនខាង​ត្បូង ។​

​នាវា​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ចំនួន​បួន ​ចូលរួម​ជាមួយ​នា​វា​ឆ្មាំ​សមុទ្រ​អាម៉េរិក​មួយ ព្រមទាំង​នាវា​ឆ្មាំ​សមុទ្រ​ជប៉ុន​មួយ សំរាប់​ការហ្វឹកហាត់​ដែល​ផ្តោត​លើ​ការ​ចាប់បង្ខំ​អោយ​អនុវត្ត​ច្បាប់ ការ​ស្វែងរក​និងជួយ​សង្គ្រោះ​។​

​គេ​នី​ជី ម៉ា​តស៊ូ​ដា (Kenichi Matsuda)​មន្ត្រី​ទូត​ជប៉ុន​នៅ​ក្រុង​ម៉ានីល បាន​និយាយថា​« ក្នុងនាម​ជា​ប្រទេស​ជាប់​សមុទ្រ​មួយ ជប៉ុន​មាន​បទពិសោធន៍​និង​ត្រូវ​ការពារ​សណ្តាប់ធ្នាប់​សមុទ្រ​ផ្អែកលើ​ច្បាប់​»​។​

​សូមបញ្ជាក់​ថា អាម៉េរិក​បាន​ស្វះស្វែង​ពង្រឹង​សម្ពន្ធភាព​សន្តិសុខ​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​របស់​ខ្កួន​ដើម្បី​ទប់ទល់​ការឈ្លានពាន​របស់​ចិន​លើ​តៃវ៉ាន់​និង​ការ​កាន់កាប់​ដែនទឹក​ដ៏​ធំ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​និង​វ៉ាស៊ីនតោន​ក៏​ទើប​យ​ល់​ព្រម​ចាប់ផ្តើម​ការ​ល្បាត​រួមគ្នា​នៅ​ក្នុង​ដែនទឹក​ប្រជែង​គ្នា និង​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​អោយ​ទាហាន​អាម៉េរិក​អាច​ចូល​ប្រើ​មូលដ្ឋាន​យោធា​ហ្វីលីពីន​បួន​បន្ថែមទៀត រួម​ទាំង​មូលដ្ឋាន​នៅ​កៀក​នឹង​កោះ​តៃវ៉ាន់​ផង​។​

​ចំណែក​ជប៉ុន​និង​ហ្វីលីពីន​ក៏បាន​ពិភាក្សាគ្នា​អំពី​កិច្ចព្រមព្រៀង​យោធា​សំខាន់​មួយ ដែល​នឹង​អនុញ្ញាត​អោយ​ការ​ប​ញ​្ជូន​ទាហាន​ទៅកាន់​ទឹកដី​ផង​គ្នា​សំរាប់​ការហ្វឹកហាត់​និង​ប្រតិបត្តិការ​ផ្សេងៗ​។​

​សូមបញ្ជាក់​ថា អាម៉េរិក​និង​ជប៉ុន​ជា​អ្នកផ្គត់ផ្គង់​ដ៏​សំខាន់​សំរាប់​នាវា​ប្រើ​ក្នុង​ក្រុម​ឆ្មាំ​សមុទ្រ​ហ្វីលីពីន ដើម្បី​ល្បាត​ដែនទឹក​នៅ​ឯនាយឆ្នេររបស់​ប្រជាជាតិ​កម្រង​នេះ​មួយ​នេះ​៕

​ហ្វីលីពីន អាម៉េរិក​និង​ជប៉ុន ចាប់ផ្តើម​សមយុទ្ធ​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​