ដោយ៖ដេប៉ូ/សៀមរាប៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា សត្វព្រៃមានតួនាទីផ្សេងៗគ្នា បើយើងបាត់បង់សត្វព្រៃនោះវានឹងធ្វើឱ្យបាត់នូវលំនឹងប្រព័ន្ធអេកូឡូស៊ីដូចជា សត្វមួយចំនួនវាស៊ីចំណីដោយពឹងផ្អែក ទៅលើសត្វមួយចំនួនផ្សេងទៀត ប៉ុន្តែបើវាបាត់សត្វប្រភេទហ្នឹងនោះសត្វដែលពឹងពាក់ចំណីហ្នឹងវានឹងអស់ចំណីស៊ី ដូចជាសត្វត្មាតវាស៊ីទៅលើសាកសព្វស្អុយរលួយដែលកើតពីការប្រមាញ់សត្វមួយផ្សេងទៀតដូចជាសត្វខ្លា ហើយបើអស់សត្វខ្លាដូចជាខ្លាធំនោះវាក៏ខ្វះចំណី ដូចនេះវាក៏ត្រូវបាត់បង់ពូជទៅជាមួយផងដែរ”។


ដោយបញ្ជាក់ក្នុងយុទ្ធនាការ «អន្ទាក់សូន្យ» នា ខេត្តសៀមរាប ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ លោក នេត្រ ភក្រ្តាបានឱ្យដឹងថា បច្ចុប្បន្នបើមានការបាត់បង់សត្វអ្វីមួយហើយគឺវានឹងធ្លាក់ដល់មនុស្សយើងអ្នកទទួលខុសត្រូវក្នុងនេះដូចជាការបាត់បង់សត្វខ្លាធំ ហេតុនេះគេចាំបាច់ត្រូវរកចំណីសត្វត្មាតដូចជាផ្តល់សាកសពឱ្យវាស៊ីជាដើម ម្ល៉ោះហើយយើងគ្រប់គ្នាចាំបាច់ថែរក្សាសត្វប្រភេទទាំងអស់នេះដើម្បីឱ្យវាថែរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់យើង”។
ទន្ទឹមជាមួយការថ្លែងបញ្ជាក់បែបនេះ លោក រដ្ឋលេខាធិការ បានលើកឡើងដែរថានៅចំពោះមុខនេះយើងចាំបាច់ត្រូវដោះអន្ទាក់ចេញពីព្រៃ។ក្នុងការអនុវត្តកន្លងមកពោលគឺចាប់តាំងពីខែមិនា ឆ្នាំ២០២២ មកដល់ពេលបច្ចុប្បន្ននេះ យុទ្ធនាការផ្តោតសំខាន់ទៅលើផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃដែលបង្កអន្តរាយមិនត្រឹមតែប៉ះពាល់ដល់ សត្វទេតែវាក៏បង្កគ្រោះថ្នាក់ដល់មនុស្សផង។
លោក រដ្ឋលេខាធិការបានបន្តថា៖ «គ្រប់សារពាង្គកាយមានជីវិតទាំងអស់មានតួនាទីខុសៗគ្នាផ្ទាល់ខ្លួននៅក្នុងធម្មជាតិ ហើយការដែលបាត់បង់វត្តមានរបស់អ្វីមួយនៅក្នុងធម្មជាតិ មនុស្សគឺជាអ្នកដែលមានហានិភ័យខ្ពស់ជាងគេ។
លោក រដ្ឋលេខាធិការថ្លែងបញ្ជាក់បន្ថែមថា”ថ្មីៗនេះ សត្វល្មូនប្រភេទថ្មីចំនួន២ ប្រភេទត្រូវបានរកឃើញនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្ដម-ភ្នំគូលែន ក្នុងខេត្តសៀមរាប”។
កញ្ញា គ្រីស្តែល ហ្គ្រីហ្វីយ៉ុន (Christel Griffioen) នាយិកា ACCBបានបញ្ជាក់ថា «កម្មវិធីស្ដារចំនួនរបាយប្រជាសាស្រ្ដនៃប្រភេទសត្វកម្រក្រោមការថែទាំដោយមនុស្ស ជាផ្នែកមួយនៃកម្មវិធីស្តុកទុកនិងបង្កាត់ពូជប្រភេទសត្វកម្រ ដើម្បីការពារកុំឱ្យផុតពូជ ហើយការលែងសត្វទាំងនេះត្រឡប់ចូលទៅក្នុងជម្រកធម្មជាតិវិញអាចធ្វើទៅបានតែនៅក្នុងតំបន់ការពារដែលមានសុវត្ថិភាព និងតំបន់ដែលគ្មានការដាក់អន្ទាក់។
លោក សេង ទៀក នាយកអង្គការ WWFកម្ពុជា បានមានប្រសាសន៍ថា៖ «ជាមួយនឹងកត្តិនាមដ៏ល្បីល្បាញ លើពិភពលោកអំពីបុរាណស្ថាននានា ខេត្តសៀមរាបក៏ជាខេត្តមួយដែលមានជីវៈចម្រុះសំបូរបែបផងដែរ ហើយមួយផ្នែកធំនៅមិនទាន់បានរកឃើញនៅឡើយទេ។
គួរបញ្ជាក់ថា ការរៀបចំវេទិការសាធារណៈស្ដីពីយុទ្ធនាការអន្ទាក់សូន្យក្នុងក្រុងសៀមរាប ដែលមានអ្នកចូលរួមជាង ៥០០ នាក់។ ព្រឹត្តិការណ៍នេះរួមមានការសម្តែងរឿងខ្លីរបស់ក្រុមសិល្បៈ សង្ឃដីកាចាប់អារម្មណ៍អំពីសារៈសំខាន់នៃការចូលរួមរបស់ព្រះពុទ្ធសាសនា និងការចូលរួមរបស់សាធារណៈជន ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ និងវិបត្តិអន្ទាក់ដោយព្រះសង្ឃ ការប្ដេជ្ញាចិត្តចូលរួមបញ្ចប់វិបត្តិអន្ទាក់ដោយតំណាងសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារ ការដាក់បង្ហាញរូបភាពផ្សេងៗរបស់ អង្គការដៃគូ និងឧបករណ៍ល្មើសច្បាប់ និងការដើរផ្សព្វផ្សាយយុទ្ធនាការអន្ទាក់សូន្យដែលមានអ្នកចូលរួមជាង ៣០០ នាក់។
ព្រឹត្តិការណ៍យុទ្ធនាការអន្ទាក់សូន្យតាមខេត្តដែលនឹងប្រព្រឹត្តទៅបន្តទៀតនៅពេលក្រោយ នៅចុងខែនេះ នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន បន្ទាប់មកនឹងមានការបិទបញ្ចប់យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី ២ នៅរាជធានីភ្នំពេញនាចុងខែកក្កដា៕ P / N