ដោយ: បូកគោ / កំពត: ពលរដ្ឋក្នុងខេត្តកំពត បានតាមដានព័ត៌មាន អំពីការរៀបចំដំណើរការបោះឆ្នោត យ៉ាងល្អិតល្អន់ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ២០២៣ នេះ។

មន្ត្រីអាជ្ញាធរ និងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានបន្តដំណើរការចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ជូនប្រជាពលរដ្ឋទូទាំងខេត្តកំពត។

តាមការប្រាប់ឱ្យដឹង ពីប្រជាពលរដ្ឋ ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពតថា ពួកគាត់បានយល់ដឹងច្រើន អំពីដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាបណ្តាញព័ត៌មានសង្គមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ចំពោះការចែកប័ណ្ណព័ត៌មានជាផ្នែកមួយ ដើម្បីបង្កភាពងាយស្រួល ដល់ពលរដ្ឋ ក្នុងការទៅចូលរួមបោះឆ្នោត ដែលនឹងធ្វើឡើង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។

ប្រជាពលរដ្ឋ បានបញ្ជាក់ទៀតថា ការទៅចូលរួមបោះឆ្នោត ពិតជាមានសារសំខាន់ ក្នុងការកំណត់ជោគវាសនារបស់ខ្លួន គ្រួសារ និងប្រទេសជាតិ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីត្រៀម និងអញ្ជើញទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រឡាញ់ពេញចិត្ត ឱ្យបានគ្រប់គ្នា នាខែក្រោយនេះ។

តាមរបាយការណ៍របស់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានឱ្យដឹងថា លទ្ធផលនៃការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតទាំង ៩៣ ឃុំ សង្កាត់ ក្នុងខេត្ត លើកទី១ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ មានចំនួន ១១៩.០១២ សន្លឹក ស្មើនឹង ២៨,២៦ ភាគរយ នៃប័ណ្ណព័ត៌មាន សរុបចំនួន ៤២១.១១៩ សន្លឹក ៕ V / N