ដោយៈ គង់ហេង / ត្បូងឃ្មុំ៖ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមេមត់ បង្រ្កាបចាប់បានឈើប្រភេទលេខ១ សុក្រំ ដឹកតាមរថយន្តប្រភេទទេសចរណ៍ មួយគ្រឿង ពីទិសខេត្តក្រចេះ កាលពីរសៀលថ្ងៃទី ២ មិថុនានេះប្រគល់ជូនរដ្ឋបាលព្រៃឈើ។

លោកវរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមេមត់ បានឱ្យដឹងថាៈ ក្រោយពីទទួលបញ្ជាលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត ពីបទល្មើសដឹកជញ្ជួនឈើខុសច្បាប់ លោកបានចាត់ឱ្យកម្លាំងចុះបង្រ្កាប បានទាន់ពេលវេលា គឺស្ទាក់ចាប់រថយន្តម៉ាកឡិចស៊ីស 400X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-6173 ដែលអ្នកបើកបរ ចុះរត់គេចខ្លួន នៅលើចិញ្ចើមផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់។

លោកមេបញ្ជាការ បានបន្ថែមថាៈ បន្ទាប់ពីឃាត់បានយើងប្រគល់ជូន ខាងមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើមេមត់ ចាត់ការតាមនីតិវិធី ក្នុងនោះមានឈើសុក្រំ ប្រភេទលេខ១ ចំនួន ១៤ ដុំ ប្រវែង ២,៣ ម៉ែត្រ ប៉ុន្តែនៅមិនទាន់វាស់វែង៕ V / N