ដោយៈ បាយ័ន / សៀមរាបៈ ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់មូលដ្ឋាន ស្រុកព្រៃកប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលសមុច្ច័យ មានដូចជា ក្រណាត់ហូល សំពត់ហូល អាវហូល សរសៃសូត្រ និងកៀត ចំនួន៣០សមុច្ច័យ ដែលបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្ម័គ្រចិត្តប្រគល់ជូន យកមករក្សាទុកនៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណជន បានទស្សនា និងសិក្សាស្វែងយល់។

ប្រភពអាជ្ញាធរជាតិអប្សរា នៅល្ងាចថ្ងៃទី២ ខែមិថុនា នេះ បានឱ្យដឹងថាៈ ប្រជាពលរដ្ឋរស់នៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស បានស្ម័គ្រចិត្តប្រគល់ជាសំពត់ហូល ផាមួង និងវត្ថុពីបុរាណមួយចំនួន ដោយពួកគាត់យល់ថា វាជារបស់មានតម្លៃ អាចយកមករក្សាទុកបន្តនៅក្នុងសារមន្ទីរ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។

ប្រភពអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថាៈ ដោយសម្លៀកបំពាក់ខ្លះ ដែលប្រជាពលរដ្ឋបានប្រគល់ជូន សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនេះ មានអាយុកាលចន្លោះពី ៣០ ឆ្នាំ ទៅ ៥០ ឆ្នាំមុន ទៅតាមការរក្សាទុករបស់ពួកគាត់។

ប្រភពអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ទៀតថាៈ មកដល់ពេលនេះ សមុច្ច័យសរុបមានចំនួន ៥១ សមុច្ច័យហើយ ដែលសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានទទួលពីបងប្អូនប្រជាពលរដ្ឋ ចំនួន ២១ គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោកស្រី គង់ សុភ័ក្រ្ត មន្ត្រីផ្នែកអភិរក្សនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថាៈ សមុច្ច័យទាំង ៥១ សមុច្ច័យ ទើបទទួលបាននេះ ក្រុមការងារជំនាញ កំពុងមមាញឹកក្នុងការចុះបញ្ជី ថែទាំ និងសម្អាត យ៉ាងយកចិត្តទុកដាក់នូវសមុច្ច័យទាំងនោះ ដោយសារវាមានអាយុកាលយូរ ខ្លះក៏ដាច់ ឬរហែកដោយកត្តាផ្សេងៗ ដូច្នេះត្រូវចំណាយពេលវេលា យ៉ាងតិចបំផុត១៥ ថ្ងៃ ទើបរួចរាល់ និងត្រៀមដាក់តាំងបង្ហាញជូនសាធារណជន បានចូលទស្សនា។

លោក សែន គឹមស៊ុន នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានមានប្រសាសន៍ថាៈ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី រីករាយស្វាគមន៍រាល់ការបរិច្ចាកសមុច្ច័យ ក្នុងវិស័យវាយនភណ្ឌនានា ដែលមានអាយុកាលយូរឆ្នាំ ឬជារបស់កម្រណាមួយ ពីសាធារណជន ដើម្បីយកមករក្សាទុក អភិរក្ស និងថែរក្សាយ៉ាងល្អប្រសើរ សម្រាប់តាំងបង្ហាញជាសាធារណៈ។

សូមជម្រាបថា ក្រណាត់ហូល សំពត់ហូល អាវហូល សរសៃសូត្រ និងកៀត ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ប្រគល់ជូនមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានអាយុកាលយូរឆ្នាំ ត្បាញឡើងដោយដៃ ជ្រលក់ល័ក្ខធម្មជាតិ តាមក្បួនខ្នាតពីបុរាណ និងមានក្បាច់រចនាផ្សេងៗគ្នា យ៉ាងស្រស់ស្អាត មានក្បាច់គោមពីងពាង ក្បាច់គោមខ្សែកោងក្លាយគោមត្បូងពេជ្រ ក្បាច់គោមបាត់ដំបង ក្បាច់គោមផ្កាថ្កុល ក្បាច់គោមកូនអណ្តើក ក្បាច់ស្នឹងគោមបញ្ឈរសម្រាប់ដាក់សសៃសូត្រគៀត ក្បាច់គោមក្តឹបកន្ទឹមខ្សែកូនគោមលាយដើមផ្កា ក្បាច់គោមភ្នែកមាន់ ជោជើងកូនគោម ក្បាច់គោមខ្សែកោងក្នុងគោមត្បូងពេជ្រ ក្បាច់គោមខ្សែកូនគោមក្នុងគោមលីបកង់ អាវផាមួយគុណក្រណាត់ហូលចុងជាយ ក្បាច់គោមស្លាបព្រួញ ក្បាច់គោមសំបុកឃ្មុំ ក្បាច់គោមផ្កាក្នុងគោមផ្កាយព្រឹក ក្បាច់គោមសក់ក្រអូប ផាមួងគុណគោមខ្សែថ្នក់ក្នុងគោមផ្កាយព្រឹក សសៃសូត្រគៀតព័ណ៌ខ្មៅ ក្បាច់គោមត្បូងពេជ្រ និងក្បាច់គោមខ្សែបីជាន់។ នេះជាលើកទីពីរហើយ ដែលសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានទទួលសមុច្ច័យជាសម្លៀកបំពាក់ ផលិតពីសសៃសូត្រ ពីប្រជាពលរដ្ឋ រស់នៅក្នុងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

លោកអ្នកនាងចង់ទស្សនាដោយផ្ទាល់ នូវសម្លៀកបំពាក់បុរាណដែលទើបទទួលបានទាំងនេះ រួមទាំងសម្លៀកបំពាក់សហសម័យ ដែលនាំមកពីប្រទេសចំនួន៦ តាមដងទន្លេមេគង្គ និងទន្លេគង្គា មានប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម អាចអញ្ជើញទៅទស្សនា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរបើកឱ្យសាធារណជន បានចូលទស្សនា ចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ ពីម៉ោង៨និង៣០នាទី ដល់ម៉ោង ៤ល្ងាច៕ V / N