ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួប សំណេះសំណាល ជាមួយកម្មករ និយោជិត សរុបជិត ២ ម៉ឺននាក់ នៅក្នុងសួន ឧស្សាហកម្មខេមតុន (CAM TON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្តាល ។

លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាៈ ក្នុងជំនួបសំណេះសំណាលនេះ មានកម្មករ និយោជិត សរុបចំនួន ១៧.៣០៧ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទៀត នៃខេត្តកណ្តាល ចំនួន ១៣ រោងចក្រ ដែលមានកម្មករ និយោជិត ចំនួន ៩.៤៦៨ នាក់, ខេត្តកំពង់ស្ពឺ ចំនួន ៤ រោងចក្រ ដែលមានកម្មករ និយោជិត សរុប ១.៥៦៥ នាក់ និងខេត្តកំពង់ឆ្នាំង ចំនួន ២ រោងចក្រ ដែលមានកម្មករ និយោជិត សរុប ៦.២៧៤ នាក់ ។

លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថាៈ សួនឧស្សាហកម្ម ខេមតុន ត្រូវបានបង្កើតឡើង​នៅ​ថ្ងៃ​ទី២ ខែកញ្ញា ឆ្នាំ២០២១ មានទំហំផ្ទៃដី ១៩ ហិកតា បានបោះទុនវិនិយោគ ចំនួន ៨ លាន​ដុល្លារអាមេរិក ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន២ កំពុងដំណើរការ គឺរោងចក្រ (Powerful Riches Garment Cambodia) Co., LTD) និងរោងចក្រ (YNTEX CO., LTD) និងមាន កម្មករ និយោជិត សរុបចំនួន ២.៨៣៣ នាក់។

ដោយឡែក រោងចក្រ សហគ្រាស ចំនួន ១៧ ផ្សេងទៀត ជាប្រភេទរោងចក្រកាត់ដេរ​សម្លៀកបំពាក់ ចំនួន៨, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៥, ផលិតនិងផ្ដុំដំឡើង បន្ទះសូឡាចំនួន ២ និងផលិតស្បែកជើងចំនួន២ ។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។

បើតាមលោករដ្ឋមន្ត្រី នៅឆ្នាំ២០២៣ រោងចក្រកាត់ដេរ នៅខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៨២ រោងចក្រ មានកម្មករ និយោជិត សរុប ៣៣ ម៉ឺន​នាក់ ក្នុងនោះ ខេត្តកណ្តាល មាន ១៧១ រោងចក្រ ដែលមានកម្មករ និយោជិត សរុប ១៣ ម៉ឺននាក់, ខេត្តកំពង់ស្ពឺ មាន ១៩១ រោងចក្រ ដែលមាន កម្មករ និយោជិត សរុប ១៥ ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំង មាន ២០ រោងចក្រ ដែលមានកម្មករ និយោជិត សរុប ៥ម៉ឺននាក់៕/V