ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួប សំណេះសំណាល ជាមួយកម្មករ និយោជិត សរុបជិត ២ ម៉ឺននាក់ នៅក្នុងសួន ឧស្សាហកម្មខេមតុន (CAM TON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្តាល ។
លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាៈ ក្នុងជំនួបសំណេះសំណាលនេះ មានកម្មករ និយោជិត សរុបចំនួន ១៧.៣០៧ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទៀត នៃខេត្តកណ្តាល ចំនួន ១៣ រោងចក្រ ដែលមានកម្មករ និយោជិត ចំនួន ៩.៤៦៨ នាក់, ខេត្តកំពង់ស្ពឺ ចំនួន ៤ រោងចក្រ ដែលមានកម្មករ និយោជិត សរុប ១.៥៦៥ នាក់ និងខេត្តកំពង់ឆ្នាំង ចំនួន ២ រោងចក្រ ដែលមានកម្មករ និយោជិត សរុប ៦.២៧៤ នាក់ ។
លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថាៈ សួនឧស្សាហកម្ម ខេមតុន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានទំហំផ្ទៃដី ១៩ ហិកតា បានបោះទុនវិនិយោគ ចំនួន ៨ លានដុល្លារអាមេរិក ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន២ កំពុងដំណើរការ គឺរោងចក្រ (Powerful Riches Garment Cambodia) Co., LTD) និងរោងចក្រ (YNTEX CO., LTD) និងមាន កម្មករ និយោជិត សរុបចំនួន ២.៨៣៣ នាក់។
ដោយឡែក រោងចក្រ សហគ្រាស ចំនួន ១៧ ផ្សេងទៀត ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៨, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៥, ផលិតនិងផ្ដុំដំឡើង បន្ទះសូឡាចំនួន ២ និងផលិតស្បែកជើងចំនួន២ ។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។
បើតាមលោករដ្ឋមន្ត្រី នៅឆ្នាំ២០២៣ រោងចក្រកាត់ដេរ នៅខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៨២ រោងចក្រ មានកម្មករ និយោជិត សរុប ៣៣ ម៉ឺននាក់ ក្នុងនោះ ខេត្តកណ្តាល មាន ១៧១ រោងចក្រ ដែលមានកម្មករ និយោជិត សរុប ១៣ ម៉ឺននាក់, ខេត្តកំពង់ស្ពឺ មាន ១៩១ រោងចក្រ ដែលមាន កម្មករ និយោជិត សរុប ១៥ ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំង មាន ២០ រោងចក្រ ដែលមានកម្មករ និយោជិត សរុប ៥ម៉ឺននាក់៕/V/R