​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យ៉ាងហោច​ណាស់​មនុស្ស ២៣៣ នាក់​បាន​ស្លាប់ និង​ជាង​៩០០ នាក់​រងរបួស​ដោយ​ធ្វើឱ្យ​វា​ក្លាយ​ជា​គ្រោះថ្នាក់​រថភ្លើង​ដ៏​ប្រល័យ​បំផុត​នៅលើ​ពិភពលោក​​ក្នុង​រយៈពេល​ពី​រទស​វត្សរ៍​មកនេះ ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​តស៊ូ​ជួយសង្គ្រោះ​អ្នក​នៅរ​ស់​ដែល​ជាប់​នៅក្រោម​កម្ទេចកម្ទី​។​

​រថភ្លើង​ដឹក​អ្នកដំណើរ​ពីរ​គ្រឿង​បាន​បុក​គ្នា​នៅក្នុង​ទីក្រុង​បា​ឡា​សូ​រ៉េ (Balasore)​រដ្ឋ​អូ​ឌី​សា (Odisha)​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​ទី​២​មិថុនា​ដោយ​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​​អន្ទះអន្ទែង​ស្វែងរក​អ្នក​ផ្សេង​ទៀត​ដែល​បារម្ភ​ជាប់​នៅក្រោម​ទូរថភ្លើង​ដែល​ក្រឡាប់​។​

​រូបភាព​ពី​ទិដ្ឋភាព​សោកនាដកម្ម​នេះ​បានបង្ហាញ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ឡើងលើ​បំណែក​បាក់បែក​ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​។​

​អភិបាលរដ្ឋ​លោក ប្រា​ឌី​ប ជេ​ណា (Pradeep Jena)​បាន​និយាយ​នៅក្នុង Twitter ថា​ចំនួន​អ្នកស្លាប់​រំពឹង​កើនឡើង ដោយ​លោក ស៊ូ​ដ​ហាន​ស៊ូ សារ៉ាន​ជី (Sudhanshu Sarangi) អគ្គនាយក​នៃ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​នៅ​រដ្ឋ​អូ​ឌី​សាបាន​បន្ថែមថា សាកសព​ចំនួន ២៣៣ នាក់​ត្រូវបាន​រកឃើញ​រហូតមក​ទល់​ពេល​នេះ​។​

​លោក​សារ៉ាន​ជី​បាន​បន្ថែមថា “​ឧបទ្ទវហេតុ​ដ៏​សោកសៅ​បំផុត​នេះ​និង​ការប៉ាន់ប្រមាណ​លទ្ធផល​គឺ​មិន​ល្អ​ទេ​”​។​

​វីដេអូ ដែល​បាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម បានបង្ហាញ​ការមកដល់​នៃ​រថយន្ត​សង្គ្រោះ​បន្ទាន់​ជាច្រើន​គ្រឿង​ហើយ​មនុស្ស​ត្រូវ​បាន​ទាញ​ចេញពី​ទូរថភ្លើង​ដែល​ក្រឡាប់​។​

​សាក្សី​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រតាម​ទូរស័ព្ទថា “​ខ្ញុំ​បាន​នៅ​ទីនោះ​ត្រង់​កន្លែង​នោះ ហើយ​ខ្ញុំ​អាច​មើលឃើញ​ឈាម ដៃជើង​បាក់ និង មនុស្ស​ស្លាប់​នៅ​ជុំវិញ​ខ្ញុំ​”​។​

​យុវជន​រាប់រយ​នាក់​បាន​តម្រង់​ជួរ​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​សូ​រ៉ូ (Soro) នៃ​រដ្ឋ​អូ​ឌី​សា​ដើម្បី​បរិច្ចាគ​ឈាម​។​

​រដ្ឋមន្ត្រី​សហព័ន្ធ​ផ្នែក​ផ្លូវដែក​លោក អាស្វី​នី វ៉ា​អ៊ី​ស​ណាវ (Ashwini Vaishnaw) បាន​និយាយ​នៅក្នុង Twitter កាលពី​យប់​ថ្ងៃ​សុក្រ​ថា ក្រុម​ជួយសង្គ្រោះ​ត្រូវបាន​ប្រមូលផ្តុំ​ពី​ទីក្រុង​ប៊ូ​បាណេ​ស្វា (Bhubaneswar) ក្នុង​រដ្ឋ​អូ​ឌី​សា និង​ក្រុង​កុល​កាតា (Kolkata) ក្នុង​វេស​បេង​ហ្គាល់ (West Bengal)​។​

​កងកម្លាំង​ឆ្លើយតប​គ្រោះមហន្តរាយ​ជាតិ​បាន​និយាយថា ក្រុម​កងកម្លាំង​ឆ្លើយតប​គ្រោះមហន្តរាយ​ជាតិ​ចំនួន​បី​កំពុងស្ថិត​នៅ​កន្លែងកើតហេតុ ហើយ​ក្រុម​ចំនួន​ប្រាំ​មួយទៀត​កំពុង​ប្រមូល​កម្លាំង​ដើម្បី​មក​ជួយ​។

​ក្រុមមន្ត្រី​ផ្លូវ​ដែក​បាន​និយាយថា ការបុក​គ្នា​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៧ យប់ ម៉ោង​ក្នុងស្រុក នៅ​ពេលដែល​រថភ្លើង Howrah Superfast Express ដែល​រត់​ពី​ទីក្រុង​បាន​ហ្កា​ឡ័​រ (Bangalore) ទៅ​ទីក្រុង​ហាវ​រ៉ា (Howrah) រដ្ឋ​វេស​បេង​ហ្គាល់ បើក​ធ្លាក់​ផ្លូវ ហើយ​បុក​ជាមួយ​រថភ្លើង Coromandel Express ដែល​រត់​ពី​ទីក្រុង​កុល​កាតា​ទៅ​ទីក្រុង​ឈិន​ណៃ (Chennai)​។​

​អភិបាលរដ្ឋ​អូ​ឌី​សា លោក ណា​វីន ផាត់​ណា​អ៊ី​ក (Naveen Patnaik) បាន​និយាយថា អាទិភាព​របស់​អាជ្ញាធ​រ​គឺ “​យក​អ្នក​នៅ​រស់​ទៅ​មន្ទីរពេទ្យ​”៕

រថភ្លើង Howrah Superfast Express បើក​ធ្លាក់​ផ្លូវ ហើយ​បុក​ជាមួយ​រថភ្លើង Coromandel Express កាលពី​យប់​ថ្ងៃ​សុក្រ​