ដោយៈ បាយ័ន / សៀមរាបៈ ករណីឃាតកម្មសម្លាប់កាត់ក្បាលបុរសជនជាតិចិនម្នាក់ នៅកណ្ដាលវាលស្រែ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ចាប់ខ្លួនបានជនដៃដល់ ៣ នាក់ នៅសៀមរាប ។ ដោយឡែក ម្ចាស់ផ្ទះម្នាក់ មុខរបរ ជាទាហាន ក៍ត្រូវឃាត់ខ្លួន យកមកសាកសួរផងដែរ ព្រោះរូបគាត់ ជាជនសង្ស័យ ដោយសារជនដៃដល់ទាំងបី មកស្នាក់នៅផ្ទះរបស់គាត់។

ប្រតិបត្តិការនេះ​ បានធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។​ ក្រោយពី ទទួលបានបទបញ្ជារភ្លាម លោកឧត្តមសេនីយ៍ត្រី​ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ​និងលោកវរសេនីយ៍ឯក ហែម​បូណា​ អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បេីកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់ទាំង ៣ កាលពីវេលាម៉ោង ១១និង២៧នាទី កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅចំណុចទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ច បាននិយាយថាៈ គេបានប្រទះឃើញសាកសពអត់ក្បាល ដេកស្លាប់​ក្នុងវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

ក្រោយពីទទួលបានព័ត៌មានភ្លាម នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានចាត់កម្លាំង ជំនាញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ចុះដឹកនាំកម្លាំងជំនាញ និងមានការចូលរួមសហការពី កម្លាំងជំនាញស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បើកការស៊ើបអង្កេតបន្ទាន់ តាមនីតិវិធី ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យ ជាបុរសជនជាតិខ្មែរ ចំនួន ៣ នាក់ ក្នុងនោះ ទី១. ឈ្មោះ តាំង ចេងម៉េង អាយុ៣២ឆ្នាំ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម, ទី២. ឈ្មោះ ហឹម លីសា អាយុ ២០ ឆ្នាំ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និង ទី៣. ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន សិត ហៅ ហ៊ិន ជាពីសិដ្ឋ អាយុ ៤៩ ឆ្នាំ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ដោយឡែក ម្ចាស់ផ្ទះម្នាក់ មុខរបរ ជាទាហាន ក៏ត្រូវបានឃាត់ខ្លួន យកមកសាកសួរ ផងដែរ ព្រោះរូបគាត់ ជាជនសង្ស័យ ដោយសារជនដៃដល់ទាំងបីនាក់ បានមកស្នាក់នៅ ផ្ទះរបស់គាត់។

វត្ថុតាងដកហូត រួមមាន រថយន្តមួយគ្រឿងម៉ាក Toyota Corolla, អាវុធអាកា ១ដើម, អាវុធសេកាសេ ២ដើម, អាវុធកែច្នៃ ២ដើម និងគ្រាប់មួយចំនួន។

ផ្អែកតាមចម្លើយរបស់ជនសង្ស័យ ខាងលើ បានសារភាពថា កាលពីថ្ងទី២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១ អធ្រាត្រ ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ ម៉ៅការសំណង់ ពិតប្រាកដមែន ខណៈពេលជនរងគ្រោះ ជិះរថយន្តជាមួយ ពួកខ្លួន ចេញពីការដ្ឋានខេត្តពោធិ៍សាត់ ហើយដឹងថា ជនរងគ្រោះ ទើបបើកប្រាក់ ពួកខ្លួនក៏មានគំនិតសម្លាប់ជនរងគ្រោះ ដោយយកកន្សែងរឹត ក និងយកពូថៅកាត់ក្បាល តែម្តង។ មូលហេតុ ដោយសារតែខឹងនឹងជនរងគ្រោះ ជំពាក់ប្រាក់មិនសង។

ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ពួកខ្លួន បានយកក្បាលច្រកចូល ក្នុងកាបូប ខ្មៅមួយ ហើយយកទៅបោះចោល នៅចំណុចស្រះមួយកន្លែង ស្ថិតនៅឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកពូថៅ យកទៅបោះចោល នៅស្ពានត្រោះ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ហើយប្លន់យកប្រាក់បានមួយចំនួន នាំគ្នាគេចមក លាក់ខ្លួននៅចំណុចភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្តង។

ចំពោះជនសង្ស័យ ខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យ​ស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម។ ដោយឡែក អាវុធបានប្រគល់ទៅឲ្យ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្ត តាមនីតិវិធី៕/V/R