ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ទោះបីការប្រកួតដំបូងរបស់ក្រុមបាល់បោះជិះរទេះនារី កម្ពុជា ចាញ់ថៃ ៧ទល់១០ ក៏ដោយ ក៏នៅទីបំផុត ក្រុមកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយជួបជាមួយថៃ ម្ដងទៀត។

សម្រាប់វិញ្ញាសាបាល់បោះរទេះជនពិការនារី មានតែ ៤ ក្រុម ចូលរួម ក៏ពិតមែន តែការប្រកួតធ្វើតាមរូបមន្ដវិលជុំ ដោយក្រុមទាំង៤ ជួបគ្នាទាំងអស់។ កម្ពុជា ចាញ់ថៃ ៧ទល់១០ បន្ទាប់មក កម្ពុជាឈ្នះហ្វីលីពីន ១៤ទល់០ និងយកឈ្នះក្រុមឡាវ ៩ទល់១។

កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ ឯក្រុមថៃឈរនៅចំណាត់ថ្នាក់លេខ១ ហេតុនេះ ក្រុមទាំង២ ត្រូវជួបគ្នាប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស ក្នុងខណៈដែលឡាវ និងហ្វីលីពីន ជួបគ្នាដណ្ដើមមេដាយសំរិទ្ធ។

សូមបញ្ជាក់ថា​ កាលពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូណេស៊ី កម្ពុជា និងថៃ ក៏ជួបគ្នា ២ ដងដែរ។ កាលនោះ ក្រុមកម្ពុជា ឈ្នះមេដាយមាស បន្ទាប់ពីឈ្នះ៤ប្រកួត ជាប់ៗគ្នា ដោយនៅក្នុងវគ្គវិលជុំ ឈ្នះឡាវ ១១ទល់៥ ឈ្នះថៃ ៩ទល់៨ និងឈ្នះហ្វីលីពីន ១៨ទល់០។

កាលនោះ នៅវគ្គផ្ដាច់ព្រ័ត្រ កម្ពុជាឈ្នះថៃ ៧ទល់៥ ដោយបានទទួលមេដាយមាស។ លើកនេះ នៅចាំអ៊ុតមើលវគ្គផ្ដាច់ព្រ័ត្រ តើកម្ពុជារក្សាតំណែងមេដាយមាស បានដែរឬទេ៕/V/R