​ប្រែ​សម្រួលៈ បំណង​(​ស្ត្រេត​ថែមស៍​)៖ ចិន​និង​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ​មិន​អើពើ​នឹង​ការអំពាវនាវ​របស់​អាម៉េរិ​ក​មួយ​អោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិពិភាក្សា​និង​ថ្កោលទោស​កូរ៉េខាងជើង​​ចំពោះ​ការប៉ុនប៉ង​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​យោធា​ដែល​រំលោភ​សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​។​ប្រទេស​ទាំង​ពីរ​បែរ​ជា​បន្ទោស​អាម៉េរិក​ថា​ជា​អ្នកបង្ក​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។​

​លោក​រ៉ូ​ប៊ឺត វូដ​(Robert Wood) អ្នកការទូត​អាម៉េរិក​មក​ពី​ស្ថាន​បេសកកម្ម​អង្គការសហប្រជាជាតិ បាន​ធ្វើ​ការស្នើ​សុំ​បែបនេះ​នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មួយ​ដែល​ស្នើ​​ឡើង​ដោយ​អាម៉េរិក និង​សម្ពន្ធមិត្ត​។​លោក​បាន​សុំអោយ​មាន​ការពិភាក្សា​អំពី​ការបាញ់​បង្ហោះ​មិនបាន​សំរេច​កាលពី​ថ្ងៃ​ពុធ​របស់​កូរ៉េខាងជើង ដោយសារ​វា​រំលោភ​សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សា​ដែល​​ហាម​កូរ៉េខាងជើង​មិន​អោយ​ប្រើ​បច្ចេកវិទ្យា​កាំជ្រួច​ផ្លោង​។​

​តែ​តំណាង​អចិន្ត្រៃយ៍​រង​របស់​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក ហ្គេង​សួង​(Geng Shuang)​បាន​ប្រាប់​កិច្ចប្រជុំ​ថា កូរ៉េខាងជើង​«​មាន​ការព្រួយបារម្ភ​ស្របច្បាប់​»​និង​ក្រុមប្រឹក្សា​សន្តិសុខ​គួរ​ជំរុញ​​ការកាត់បន្ថយ​ភាព​តានតឹង​និង​កុំ​ចង្អុល​ដាក់​ភាគី​ណាមួយ​។​

​លោក​ហ្គេង និង​តំណាង​រុស្ស៊ី ក៏បាន​រិះគន់​អាម៉េរិក​ចំពោះ​ការបង្កើន​ភាព​តានតឹង​ដោយសារ​តែ​ពង្រីក​និង​បង្កើន​ការធ្វើ​សមយុទ្ធ​យោធា​រួមជាមួយ​កូរ៉េខាងត្បូង​។​

​លោក​ហ្គេង បាន​បន្តថា ចាំបាច់​ត្រូវ​មាន​ការចរចា​ពិតប្រាកដ​ដោយ​នាំយក​ការព្រួយបារម្ភ​របស់​កូរ៉េ​ខាងជើង​មក​ពិចារណា​ផង​។​លោក​ថា​«​អាម៉េរិក​តែង​និយាយថា ទ្វារ​ការទូត​តែង​បើកចំហ តែ​ក្នុងពេល​​ជាមួយគ្នា ពួកគេ​ធ្វើ​សកម្មភាព​យោធា​ជា​ប្រចាំ​នៅ​ឧបទ្វីប​នេះ និង​នៅក្នុង​តំបន់​ជុំវិញ​»៕

​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោកស្រី គីម យ៉ូ​ចុង បាន​ហៅ​ការរិះគន់​អាម៉េរិក​ចំពោះ​ការ​បង្ហោះ​ផ្កាយរណប​របស់​ប្រទេស​លោក​ស្រី​ថា​ជា​ពុត​ត្បុត ដោយសារ​អាម៉េរិក​និង​ប្រទេស​ដទៃ​ទៀត​បាន​​បង្ហោះ​ផ្កាយរណប​ដូច្នេះ​រួច​អស់ហើយ​។​លោកស្រី​បាន​និយាយថា កូរ៉េ​ខាងជើង​នឹង​បង្ហោះ​ផ្កាយរណប​មួយ​ទៀត​ក្នុងពេល​ឆាប់ៗ​