​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី ចូ បៃ​ដិន បាន​អបអរ “​ការបញ្ចៀស​វិបត្តិ​” នៅក្នុង​សុន្ទរកថា​ដំបូង​របស់​គាត់​ទៅកាន់​ប្រទេសជាតិ​ចេញពី​ការិយាល័យ​ពងក្រពើ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ដោយ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថវិកា​មួយ ដែល​លុបបំបាត់​អស់​រាល់​លទ្ធភាព​ខកខាន​សងបំណុល​របស់​រដ្ឋាភិបាល​មិន​ធ្លាប់​មាន​ពីមុនមក​ដែល​លោក​និយាយថា​អាច​នឹង​​ក្លាយ​ជា​មហន្តរាយ​សម្រាប់​សហរដ្ឋ​អាម៉េរិក និង​សេដ្ឋកិច្ចពិភពលោក​។

​វិធានការ​របស់​បក្ស​ទាំង​ពីរ​ត្រូវបាន​អនុម័ត​ដោយ​ព្រឹទ្ធសភា​កាលពី​យប់​ជ្រៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​បាន​អនុម័ត​ក្នុង​សភា​ក្នុង​សម័យប្រជុំ​មួយ​កាលពី​ថ្ងៃ​ពុធ ដែល​ឈាន​ដល់​យប់​ជ្រៅ​ដូចគ្នា​។​លោកបៃ​ដិន​​គ្រោង​នឹង​ចុះហត្ថលេខា​លើ​វិធានការ​នេះ​នៅ​សេត​វិមាន​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​សល់​ពីរ​ថ្ងៃ​ទៀត​នឹង​ដល់​ថ្ងៃ​ដែល​ក្រសួង​រតនាគារ​ចេញ​មក​ព្រមាន​ថា​សហរដ្ឋ​អាម៉េរិក​នឹង​មិន​អាច​បំពេញ​កាតព្វកិច្ច​សង​​បំណុល​របស់​ខ្លួន​បាន​។​

​លោកបៃ​ដិនបាន​និយាយថា “​ការអនុម័ត​កិច្ចព្រមព្រៀង​ថវិកា​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​។ វិបត្តិ​មិនគួរ​កើត​ឡើង​ខ្ពស់​ជាង​នេះ​បាន​ទេ​។ គ្មាន​អ្វី​ដែល​អាច​នឹង​ក្លាយ​ជា​មហន្តរាយ​ជាង​ការខកខាន​សងបំណុល​របស់​ប្រទេស​នោះឡើយ​”​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​លោកបៃ​ដិ​ន​និង​ប្រធាន​សភា​លោក ខេ​វិន ម៉ាក​កា​ធី (Kevin McCarthy)​ដោយ​ផ្តល់ឱ្យ​គណបក្ស​សាធារណរដ្ឋ​នូវ​ការទាមទារ​កាត់បន្ថយ​ការចំណាយ​របស់​​សហព័ន្ធ​មួយចំនួន ប៉ុន្តែ​រក្សា​បន្ទាត់​អាទិភាព​សំខាន់ៗ​របស់​បក្ស​ប្រជាធិបតេយ្យ​។ វា​នឹង​ដំឡើង​ពិ​ដាន​បំណុល​រហូតដល់​ឆ្នាំ ២០២៥ បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២៤​និង​ផ្តល់​ឱ្យ​សមា​​ជិក​សភា​នូវ​គោលដៅ​ថវិកា​សម្រាប់​រយៈពេល​ពី​រ​ឆ្នាំ​ខាង​មុខ ដោយ​សង្ឃឹមថា​នឹង​ធានាបាន​នូវ​ស្ថិរភាព​សារពើពន្ធ​នៅពេល​ដែល​រដូវ​កាល​នយោបាយ​ក្តៅគគុក​ចូលមក​ដល់​។​

​ដោយ​គូសបញ្ជាក់​អំពី “​ការសម្របសម្រួលនិង​ការឯកភាព​គ្នា​” នៅក្នុង​កិច្ចព្រមព្រៀង​នេះ លោកបៃ​ដិនបាន​និយាយថា “​គ្មាន​នរណា​ម្នាក់​ទទួល​បាន​អ្វី​គ្រប់​យ៉ាង​ដែល​ពួក​គេ​ចង់បាន​នោះទេ ប៉ុន្តែ​ប្រជាជន​អាម៉េរិក​ទទួលបាន​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ​។ យើង​បាន​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច​និង​ការដួលរលំ​សេដ្ឋកិច្ច​”​។​

​លោកបៃ​ដិនបាន​ប្រើឱ​កាសនេះ​ដើម្បី​បង្ហាញ​ពី​សមិទ្ធិផល​នៃ​អាណត្តិ​ដំបូង​របស់​គាត់ ខណៈ​គាត់​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ឡើងវិញ ក្នុងនោះ​រួម​មាន​ការគាំទ្រ​សម្រាប់​ការផលិត​បច្ចេកវិជ្ជា​ខ្ពស់ ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ពន្ធ និង​ការលើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ ខណៈ​គូសបញ្ជាក់​ផងដែរ​ពី​របៀប​ដែល​គាត់​ទល់​ទល់​បាន​នូវ​ការកាត់បន្ថយ​ការចំណាយ​ដែល​ជំរុញ​ដោយ​បក្ស​សាធារណរដ្ឋ ដែល​គាត់​និយាយថា​អាច​នឹង​ធ្វើឱ្យ​របៀបវារៈ​របស់​គាត់​បរាជ័យ​៕

​លោកបៃ​ដិន​អបអរ​ការ​បញ្ចៀសវិបត្តិ​បំណុល​នៅ​ការិយាល័យ​ពងក្រពើ