ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោក អាចាយ បានហ្គា (Ajay Banga) បានចាប់ផ្តើមថ្ងៃដំបូងរបស់គាត់នៅក្នុងក្រុមធនាគារពិភពលោក (World Bank Group) កាលពីថ្ងៃសុក្រ ដោយទទួលបន្ទុកដឹកនាំស្ថាប័នផ្តល់ប្រាក់កម្ចីសម្រាប់ការអភិវឌ្ឍនេះ ខណៈធនាគារប្រឈមមុខនឹងសំណួរជាច្រើនអំពីទិសដៅនាពេលអនាគតរបស់ខ្លួន។
លោកបានហ្គាបានសរសេរកាលពីព្រឹកថ្ងៃសុក្រក្នុងអ៊ីមែលមួយទៅកាន់បុគ្គលិកដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន AFP យ៉ាងដូច្នេះថា”យើងកំពុងស្ថិតក្នុងពេលវេលាដ៏សំខាន់នៅក្នុងផ្នែកមនុស្សជាតិនិងភពផែនដី” ដោយអំពាវនាវឱ្យធនាគារនេះ “វិវឌ្ឍខ្លួន” ដើម្បីឆ្លើយតបនឹងបញ្ហានានាដែលខ្លួនកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។
បុរសឥណ្ឌាសញ្ជាតិអាម៉េរិករូបនេះត្រូវបានតែងតាំងឱ្យកាន់តំណែងនេះដោយប្រធានាធិបតីអាម៉េរិក ចូ បៃដិន បន្ទាប់ពីអាជីពជំនួញដ៏ជោគជ័យដែលរួមបញ្ចូលការដឹកនាំជោគជ័យយូរអង្វែងលើក្រុមហ៊ុនទូទាត់ប្រាក់ Mastercard។
លោកបានហ្គាអាយុ ៦៣ ឆ្នាំចូលកាន់តំណែងបន្តពីលោក ដេវីត ម៉ាល់ផាស់ (David Malpass) ក្នុងនាមប្រធានទី ១៤របស់ធនាគារពិភពលោកដោយផ្អែកលើការសន្យាពង្រីកតួនាទីរបស់វិស័យឯកជនក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍របស់ពិភពលោក។
លោកបានហ្គាបាននិយាយនៅក្នុងអ៊ីមែលរបស់គាត់ថា “ទំហំនិងភាពចម្រុះនៃបញ្ហាប្រឈមរបស់យើង ពោលគឺ ភាពក្រីក្រនិងការអភិវឌ្ឍ ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ ជម្លោះ និងភាពផុយស្រួយ បានជាប់ទាក់ទងគ្នាយ៉ាងជ្រាលជ្រៅ និង គំរាមកំហែងដល់មហិច្ឆតារួមរបស់យើង ខណៈការវិវឌ្ឍន៍ដែលទទួលបានយ៉ាងលំបាកអស់ជាច្រើនទសវត្សរ៍មកនេះកំពុងសាបរលាបបន្តិចម្តងៗ”។
លោកបានបន្ថែមថា “បញ្ហាប្រឈមរបស់ធនាគារពិភពលោកគឺច្បាស់ណាស់ ៖ វាត្រូវតែបន្តទាំងការសម្របខ្លួននិងការកាត់បន្ថយវិបត្តិអាកាសធាតុ វាត្រូវតែឈោងទៅរកប្រទេសដែលមានប្រាក់ចំណូលទាបដោយមិនបែរខ្នងដាក់ប្រទេសដែលមានប្រាក់ចំណូលមធ្យម វាត្រូវតែគិតជាសកលប៉ុន្តែទទួលស្គាល់តម្រូវការជាតិនិងតំបន់ វាត្រូវតែទទួលយកហានិភ័យប៉ុន្តែធ្វើដូច្នេះដោយប្រយ័ត្នប្រយែងបំផុត”។
លោកបានបន្តថា “ការផ្លាស់ប្តូរគឺស័ក្តិសមសម្រាប់ធនាគារពិភពលោក។ វាមិនមែនជារោគសញ្ញានៃបរាជ័យឬការរសាត់ឬភាពមិនជាប់ពាក់ព័ន្ធនោះទេ វាគឺជារោគសញ្ញានៃឱកាស ជីវិត និង សារៈសំខាន់”៕
លោក អាចាយ បានហ្គា ក្លាយជាប្រធានថ្មីរបស់ធនាគារពិភពលោក