ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ (កម្ពុជា) និង រដ្ឋបាលខេត្តស្រះកែវ (ថៃ) បានជួបគ្នាជាផ្លូវការ កម្រិតខេត្តលើកដំបូង ដើម្បីប្រជុំពិភាក្សា ស្តីពីគម្រោងស្នើសុំបើកច្រកព្រំដែនថ្មី តំបន់ភ្នំឆ័ត្រ ស្រុកស្វាយចេក – បានទ័ពសៀម ស្រុកតាប្រាយ៉ា ។ គម្រោងបើកច្រកព្រំដែនបែបនេះ ដើម្បីសម្រួល ទំនាក់ទំនង ការឆ្លងកាត់ព្រំដែន របស់ប្រជាពលរដ្ឋ និងការដោះដូរទំនិញ ។

មន្ត្រីសាលាខេត្តបន្ទាយមានជ័យ បានប្រាប់កាសែតរស្មីកម្ពុជា កាលពីរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ថាៈ កិច្ច្ចប្រជុំពិភាក្សា លើកទី១ ដែលខេត្តបន្ទាយមានជ័យ ធ្វើម្ចាស់ផ្ទះនេះ​ ធ្វើនៅសាលប្រជុំ “ខ​” សាលាខេត្តបន្ទាយមានជ័យ ដោយភាគីខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត និងភាគីខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ​ ដឹកនាំដោយលោក ភូមិវ៉ាត់ ឧត្តមស័ព្ទ អភិបាលរងខេត្តស្រះកែវ និងជាតំណាងលោក​បរិញ៉ា ពោធិ៍សត្វ អភិបាលខេត្ត។

ក្នុងកិច្ចប្រជុំនេះ​ ក៏មានវត្តមានមន្ត្រីរដ្ឋបាល និងមន្ត្រីបច្ចេកទេសស៊ីវិល កងកម្លាំងថ្នាក់ ខេត្ត ស្រុក ឃុំ ចូលរួមផងដែរ ក្នុងនោះ មានលោក លឿង សុភក្តិ អភិបាលស្រុក ស្វាយចេក លោកមេឃុំស្វាយចេក… និងលោក សុសូឡត ផឿងប៊ុន អភិបាលស្រុក តាប្រាយ៉ា លោកមេឃុំតាប្រាយ៉ា ដែលជាម្ចាស់ភូមិសាស្ត្រទីតាំង បើកច្រកព្រំដែន ថ្មីនេះ។

របៀបវារៈនៃកិច្ចប្រជុំពិភាក្សា គឺដើម្បីត្រៀមបើកច្រកទ្វារតំបន់តេជោភ្នំឆ័ត្រ ស្ថិតនៅក្នុង ភូមិតេជោភ្នំឆ័ត្រ ឃុំ/ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​ នៃព្រះរាជាណាចក្រកម្ពុជា ទល់នឹងច្រកបានទ័ពសៀម ភូមិទ័ពសៀម​ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ​។ នៅចំណុចនោះ ខាងទឺកដីកម្ពុជា ត្រូវបានផ្នែករដ្ឋបោស​សម្អាតមីន , ផ្នែកឯកជន បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹក ជាបណ្តើរៗ ហើយ។

ភាគីទាំងពីរ បានលើកឡើងពីគោលនយោបាយ នៃរាជរដ្ឋាភិបាល ប្រទេសទាំងពីរ ពីស្មារតី ខ្លឹមសារ នៃកិច្ចប្រជុំបន្តបន្ទាប់ ស្របតាមស្មារតី នៃកិច្ចប្រជុំជាបន្តបន្ទាប់ រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលខេត្ត ជាប់ព្រំដែនកម្ពុជា ថៃ ដែលឯកភាពគ្នាថា រវាងស្រុក/ក្រុងមួយ ដែលមានព្រំដែនជាប់គ្នា ត្រូវតែបើកច្រកព្រំដែន ឱ្យបានយ៉ាងតិច ១ច្រក, ស្មារតី ខ្លឹមសារ នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (PBC) កន្លងមក ដែលតែងស្នើបើកច្រក ព្រំដែនទ្វេភាគី, ច្រកតំបន់ព្រំដែនតំបន់ និងច្រកព្រំដែនអន្តរជាតិថ្មី នៅភូមិសាស្ត្រខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ដែលមិនទាន់មានច្រក។

ក្នុងកិច្ចប្រជុំខាងលើ ភាគីទាំងពីរ ក៏បានឯកភាពគ្នានឹងលើកយកប្រធានបទនេះ បញ្ចូលក្នុងកិច្ចប្រជុំថ្នាក់ខេត្ត និងថ្នាក់ភូមិភាគ ដែលប្តូរវេនម្ចាស់ផ្ទះ ខាងមុខទៀត ហើយនឹងធ្វើរបាយការណ៍ និងសំណើសុំទៅថ្នាក់ក្រសួង និងរាជរដ្ឋាភិបាល ដើម្បីីពិនិត្យនិងសម្រេច ។

ក្នុងនោះដែរ ក៏នឹងស្នើបើកច្រកព្រំដែនតំបន់ ៤៣ – ណូនម៉ាមុន នាស្រុកអូរជ្រៅ និងស្រុកគោកស៊ូង ,​ ស្នើបើកច្រកព្រំដែនអន្តរជាតិ អូរនាង-បានប៉ារៃ នាក្រុងប៉ោយប៉ែត និងស្រុកអារញ្ញាប្រាថេត និងច្រកព្រំដែនបង្គោលព្រំដែន លេខ២៧-បានហានសាយ នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកឡាក់ហានសាយ ខេត្តបូរីរ៉ាំ ផងដែរ ។

ទន្ទឹមនឹងនេះ កិច្ចប្រជុំនេះ​​ បានលើកឡើងពីគោលបំណង និងសារៈប្រយោជន៍ ពីការចង់បើកច្រកព្រំដែនតំបន់ថ្មីនេះ។ ភាគីទាំងពីរ ក៏លើកឡើងពីបញ្ហាប្រឈម ដែលត្រូវដោះស្រាយដូចជា បញ្ហាបរិស្ថាន ស្ថានភាពដើមនៃខ្សែបន្ទាត់ព្រំដែនរបស់ គណៈកម្មាធិការព្រំដែនទូទៅ និងអនុស្សរណៈយោគយល់គ្នា កម្ពុជា ថៃ ឆ្នាំ២០០០ និងការកំណត់ព្រំដែន ឱ្យបានច្បាស់លាស់,​ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌ, ការដោះស្រាយករណីវិវាទដីធ្លី និងសំណងដីធ្លី ដែលប៉ះពាល់គម្រោងអភិវឌ្ឍន៍នានា នៅតំបន់ច្រក, បញ្ហាសន្តិសុខ សុវត្ថិភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍និងការថែរក្សាព្រំដែនសន្តិភាព,ការដាំដុះដំណាំ ចិញ្ចឹមសត្វការប្រថុយ ប្រថាន ជាដើម ។

សូមរំលឹកថា រវាងខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវ របស់ថៃ មកទល់បច្ចុប្បន្ននេះ ខ្សែបន្ទាត់ព្រំដែន មានប្រវែង ១៥៣,៥ គីឡូម៉ែត្រ ដែលមាន ៤ ស្រុក-ក្រុង ជាប់ព្រំដែន មានច្រកព្រំដែនអន្តរជាតិ២ គឺច្រកប៉ោយប៉ែត-ខ្កងលឹក និងច្រកស្ទឹងបត់-បានណងអៀន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត-ស្រុកអារញ្ញាប្រាថេត ។ ច្រកព្រំដែនតំបន់ម៉ាឡៃ-ណងព្រឺ នាស្រុកម៉ាឡៃ និងស្រុកអារញ្ញប្រាថេត , ច្រកព្រំដែន តំបន់បឹងត្រកួន-តាប្រាយ៉ា នាស្រុកថ្មពួក និងស្រុកតាប្រាយ៉ា និងមានច្រករបៀង ឬច្រកព្រំដែនអត់ច្បាប់ ប្រមាណ ៦០ ចំណុច ក្នុងនោះមានប្រភេទច្រករបៀង ដែលយានយន្ត និងទំនិញនាំចេញ-ចូល បានដូចជា ច្រកអូរបីជាន់-ណូនម៉ាកមុន, ច្រកជោគជ័យ-បានណងចាន់, ច្រកទំនប់ដាច់-បានសិលាថៃ នាស្រុកអូរជ្រៅ និងស្រុកគោកស៊ូង ជាដើម ។

ក្រៅពីជាច្រករបៀងព្រំដែន ដែលមានលួចនាំទំនិញឆ្លងដែន និងពលករ លួច ឬ អនុញ្ញាតឆ្លងដែន ក្នុងរូបទៅព្រឹក វិលល្ងាច ដើម្បីរកការងារធ្វើតាមរដូវ នៅក្នុងទឹកដីថៃ ៕/V