ដោយៈប.ខុន / ភ្នំពេញៈ ការងារបង្កបង្កើនផលស្រូវវស្សា ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៣១ ខែឧសភា នៅទូទាំងប្រទេស អនុវត្តបានលើផ្ទៃដី ៧៣២.៦៥៦ ហិកតា ស្មើនឹងប្រមាណជា ២៨,៤១ ភាគរយ នៃផែនការ ២.៥៧៩.១៨១ ហិកតា មានសន្ទុះ លឿនជាង ការងារបង្កបង្កើនផល ក្នុងឆ្នាំ២០២២ ដោយសារមានអំណោយល្អ ពីកត្តាអាកាសធាតុ និងមកដល់ពេលនេះ ការងារភ្ជួររាស់ សាបព្រោះ នៅតែមានសន្ទុះលឿន ដោយសារភ្លៀង មិនទាន់ធ្លាក់ជោកជាំ និងក៏មិនខ្វះទឹកដែរ។
លោក ជា សុខនី នាយករងខុទ្ទកាល័យរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ថាៈ ការងារបង្កបង្កើនផល ស្រូវវស្សា ឆ្នាំ២០២៣ នេះ មានសន្ទុះលឿនជាងឆ្នាំ២០២២ បើគិតទៅនឹងរយៈពេល ដូចគ្នា ដោយសារកាលពីចុងរដូប្រាំង កន្លងទៅ មានភ្លៀងធ្លាក់តិចតួចបង្កលក្ខណៈងាយ ស្រួល ដល់ការភ្ជួររាស់ សាបព្រោះស្ងួត បានលឿន ទាន់ពេលវេលា ខុសពីរដូវប្រាំង ឆ្នាំ២០២២ ដែលមានភ្លៀងច្រើន រំខានដល់ការភ្ជួររាស់ ដោយគ្រឿងយន្ត មិនអាចចុះស្រែ បានងាយស្រួល។
លោកនាយករង បានញ្ជាក់ថាៈ ការបង្កបង្កើនផលស្រូវវស្សា ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៣១ ខែឧសភា នៅទូទាំងប្រទេស អនុវត្តបានលើផ្ទៃដី ៧៣២.៦៥៦ ហិកតា ស្មើនឹងប្រមាណជា ២៨,៤១ ភាគរយ នៃផែនការ ២.៥៧៩.១៨១ ហិកតា។ ក្នុងរយៈពេលដូចគ្នានេះ កាលក្នុងឆ្នាំ២០២២ អនុវត្តបានតែ ៥០៤.៧៤៣ ហិកតា ស្មើនឹងប្រមាណជា ១៩,៦៥ ភាគរយ នៃផែនការ ២.៥៥៦.៤៦៤ ហិកតា។
លោក ជា សុខនី បាននិយាយឱ្យដឹងទៀតថាៈ មកដល់ពេលនេះ ការងារសាបព្រោះ ដំណាំស្រូវ នៅតែមានសន្ទុះលឿន ដោយសារភ្លៀង នៅមិនទាន់ធ្លាក់ជោកជាំ និងក៏មិនមានកន្លែងណា ខ្វះទឹកដែរ។ ការងារដាំដុះស្រូវវស្សា ពេលនេះ ភាគច្រើន កសិករ ធ្វើការសាបព្រោះ ឯការដកស្ទូង នៅមានធ្វើតិចតួចណាស់៕/V/R