​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការសន្ទនា​រវាង​អាម៉េរិក​និង​ចិន​«​មាន​សារសំខាន់​និង​ចាំបាច់​»​ដើម្បី​បញ្ចៀស​ការគិតគូរ​ខុស​ដែល​អាច​នាំ​ដល់​ជម្លោះ នេះ​បើ​តាម​ការលើកឡើង​របស់​រដ្ឋមន្ត្រីការពារ​​ជាតិ​អាម៉េរិក​លោក ឡយ អូ​ស្ទីន កាលពី​ថ្ងៃ​សៅរ៍​ទី​៣​មិថុនា បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ច្រានចោល​ជំនួប​ផ្លូវការ​មួយ​រវាង​ប្រមុខ​ការពារជាតិ​នៃ​មហាអំណាច​ទាំងពីរ​។​

​លោក​អូ​ស្ទីន និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក លី សាង​ហ្វ៊ុយ​(Li Shangfu)​បាន​ចាប់ដៃ​និង​និយាយ​រក​គ្នា​បន្តិច​ជា​លើកដំបូង​នៅ​ពិធី​លាង​សាយភោជន៍​នៅ​ជំនួប​កំពូល​ការពារជាតិ​ស៊ែ​ង​ហ្គ្រី​ឡា​ ​ដាយ​ឡក​(Shangri-La Dialogue) នៅ​សិង្ហ​បុរី​កាល​ពី​យប់មិញ តែ​វា​នេះ​មិន​សម​តាម​បំណង​របស់​ក្រសួង​ការពារជាតិ​សំរាប់​ការផ្លាស់ប្តូរ​យោបល់​ពិស្តារ​មួយ​ទេ​។​

​សូមបញ្ជាក់​ថា​ប្រមុខ​ការពារ​ជាតិ​អាម៉េរិក​កំពុង​ធ្វើ​ទស្សនកិច្ច​អាស៊ី ដែល​មុននេះ​បាន​នាំ​លោក​ទៅ​កាន់​ជប៉ុន​ហើយ​លោក​នឹង​បន្ត​ទៅ​កាន់​ឥណ្ឌា​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​របស់​អាម៉េរិក​ដើម្បី​ពង្រឹង​សម្ព​ន្ធ​​ភាព​និង​ភាព​ជា​ដៃគូ​នៅក្នុង​តំបន់​ក្នុង​គោលបំណង​ទប់ទល់​ចិន​។​

​លោក​អូ​ស្ទីន​បាន​និយាយ​នៅ​ជំនួប​Shangri-La Dialogue​ថា​« សហរដ្ឋ​អាម៉េរិក​ជឿថា ការបើក​ខ្សែ​ទាក់ទង​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​(​ចិន​ប៉េកាំង​)​មាន​សារសំខាន់​ចាំបាច់ ជាពិសេស​​រវាង​មេដឹកនាំ​យោធា​និង​ការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ​»​។​

«​កាន់តែ​ជួប​ពិភាក្សា​គ្នា យើង​កាន់តែ​អាច​បញ្ចៀស​ការយល់​ខុស​និង​ការគិតគូរ​ខុស​ដែល​អាច​នាំ​ដល់​វិបត្តិ​ឬ​ជម្លោះ​»​។​

​សហរដ្ឋ​អាម៉េរិក​បាន​អញ្ជើញ​លោក​លី អោយ​ជួបប្រជុំគ្នា​នៅក្រៅ​កិច្ចប្រជុំ​កំពូល​សន្តិសុខ​នេះ តែ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​បដិសេធ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាម៉េរិក​ម្នាក់​។​

​តាមពិត​លោក​លី​ជាប់​ទណ្ឌកម្ម​អាម៉េរិក​នៅ​ឆ្នាំ​២០១៨​រឿង​ចិន​ទិញ​សព្វាវុធ​ពី​រុស្ស៊ី តែ​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយថា រឿង​ហ្នឹង​វា​មិន​រារាំង​ជំនួប​រវាង​លោក​អូ​ស្ទី​ន​និង​លោកលី​ទេ​។​

​ប្រមុខ​ការពារ​ជាតិ​អាម៉េរិក​បាន​និយាយថា​លោក​«​ព្រួយបារម្ភ​ជាខ្លាំង​ដែល​ចិន​មិន​មាន​ចេតនា​ចូលរួម​ពាក់ព័ន្ធ​អោយ​ខ្លាំងក្លា​ឡើង​ស្តី​ពី​យន្តការ​សំរាប់​ការគ្រប់គ្រង​វិបត្តិ​រវាង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​។​​លោក​ចង់​និយាយ​ដំ​ដៅ​ទៅរក​ការបើក​ស្ទាក់​មុខ​យន្តហោះ​ឈ្លបយកការណ៍​អាម៉េរិក​និង​សម្ពន្ធមិត្ត​ដ៏​គ្រោះថ្នាក់​ពី​សំណាក់​យន្តហោះ​យោធា​ចិន រួម​ទាំង​ហេតុការណ៍​ដូច្នេះ​មួយ​កាលពី​សប្តាហ៍​មុន​។​

​នៅ​ជំនួប​នៅ​សិង្ហ​បុរី​នេះ លោក​អូ​ស្ទីន​បាន​និយាយទៀតថា អាម៉េរិក​«​នៅតែ​ប្តេជ្ញា​រក្សា​ស្ថានភាព​បច្ចុប្បន្ន​មិន​អោយ​ផ្លាស់ប្តូរ​»​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​«​នឹង​បន្ត​ប្រឆាំង​ការផ្លាស់ប្តូរ​ជា​ឯ​តោ​ភាគី​ស្ថាន​​ភាពបច្ចុប្បន្ន​មកពី​ភាគី​ណាមួយ​។​អាម៉េរិក​គាំទ្រ​កិច្ចចរចា​ចំពោះ​ជម្លោះ​នេះ​»​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​ឡយ អូ​ស្ទីន នៅ​ជំនួប​កំពូល​សន្តិសុខ​អាស៊ី នៅ​សិង្ហ​បុរី បាន​និយាយ​បញ្ចុះបញ្ចូល​រក​ការគាំទ្រ​សំរាប់​ទស្សនៈ​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​អំពី​«​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​​សេរី បើក​ចំហ​និង​មាន​សន្តិសុខ​ក្នុង​ពិភព​ច្បាប់​និង​សិទ្ធិ​»​មួយ​

​នៅ​ថ្ងៃ​សៅរ៍​នេះ​លោក​អូ​ស្ទីន បាន​បញ្ជាក់ទៀតថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​នឹងមិន​ឈរ​នៅ​ស្ងៀម​ចំពោះ​«​ការបង្ខិតបង្ខំ​និង​ការ​សម្លុត​គំរាម​»​សម្ពន្ធ​មិត្ត រួមទាំង​ដៃគូ​របស់​អាម៉េរិក​ពី​សំណាក់​ចិន​​ឡើយ​៕