ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កុំបញ្ចូលឈ្មោះ សេង ធារី (អប្សរាក្បាលត្រងោល) ក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោស ជាដាច់ខាត។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថាៈ សម្ដេច នឹងមិនលើក លែងទោស ចំពោះអ្នកណាម្នាក់ឡើយ ប្រសិនបើមានការអន្តរាគមន៍ពីបរទេស ដោយសារតែសម្ដេច មិនទុកចិត្តជនបរទេសមួយចំនួន ដែលចូលចិត្តរំខាន និងចង់ផ្ដួលរំលំ រាជរដ្ឋាភិបាល។

សម្តេចតេជោ បានមានប្រសាសន៍ថាៈ “រឿងខ្ញុំមិនលើកលែងទៅឲ្យអ្នកណា គឺដោយ សារតែខ្ញុំមិនទុកចិត្តជនបរទេសមួយចំនួន ដែលចូលចិត្តរំខាន និងចូលចិត្ត និងចង់ផ្ដួល រលំគេតែប៉ុណ្ណោះ អាហ្នឹងនិយាយឱ្យច្បាស់ ។ ថ្ងៃក្រោយ សូមជំរាបជូនសារទៅ បើមានអន្តរាគមន៍ លើអ្នកណាអ្នក នោះជាប់គុករហូត ជាប់គុក ឱ្យគ្រប់ថ្ងៃ “។

សម្តេច បានបន្តថាៈ ឧទាហរណ៍ អប្សរាក្បាលត្រងោល កុំសង្ឃឹមទទួលបានការលើក លែងទោស ។ អប្សរាក្បាលត្រងោលមួយ សម្រាប់រដ្ឋមន្ត្រីយុត្តិធម៌ កុំដាក់ចូលក្នុងបញ្ជី នៃការបន្ធូរបន្ថយទោស តាមរយៈបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បុណ្យស្អីៗ គឺកុំអន្តរាគមន៍លើកលែង ទោសតែម្ដង គឺទុករហូតដល់ថ្ងៃចុងក្រោយតែម្ដង ព្រោះអត់មានប្រយោជន៍ទេ។ អាហ្នឹងដើម្បីយើងស៊ីសងគ្នានៅលើតុ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ អ្នកប្រព្រឹត្តល្មើសច្បាប់ ត្រូវតែអនុវត្តច្បាប់របស់ កម្ពុជា ជាធរមាន ដោយមិនមានការលើកលែង ហើយក៏ដើម្បីបញ្ជាក់ឲ្យច្បាស់ អំពីអធិបតេយ្យភាពជាតិ ដោយមិនអនុញ្ញាត ឲ្យមានការលូកដៃចូល របស់បរទេសណា មួយ ក្នុងកិច្ចការផ្ទៃក្នុង របស់កម្ពុជាឡើយ។

ពាក់ព័ន្ធនឹងការព្រមានថា ការបោះឆ្នោតនៅកម្ពុជា ខាងមុខ ប្រទេសមួយចំនួន នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ មកនោះ សម្ដេចតេជោ ថ្លែងថាៈ គឺមិនចាំបាច់បញ្ជូន មកទេ ព្រោះថា ដំណើរការបោះ ឆ្នោត គឺអាស្រ័យលើប្រជាពលរដ្ឋកម្ពុជា និង គណៈកម្មាធិការជាតិ រៀបចំការបោះ ឆ្នោត បន្ទាប់ទៅ គឺមានបណ្ដឹងក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ទៅព្រះមហាក្សត្រ ព្រះអង្គ កោះប្រជុំសភា និងបង្កើតរាជរដ្ឋាភិបាល ព្រះមហាក្សត្រ ឡាយព្រហស្ថលេខា ចប់រឿងហើយ វាអត់ត្រូវការអ្នកឯងគាំទ្រ ឬមិនគាំទ្រទេ ៕ V / N