ប្រែសម្រួលៈបំណង(Xinhua)៖ចិនបានទទូចសុំអោយអាម៉េរិកបញ្ឈប់ការទាក់ទងផ្លូវការជាមួយ«តំបន់តៃវ៉ាន់របស់ចិន»ទោះក្នុងទំរង់ណាមួយក្តីនិងឈប់ជំរុញអនុវត្ត«កិច្ចព្រមព្រៀងពាណិជ្ជកម្មសតវត្សរ៍ទី២១»និងកិច្ចព្រមព្រៀងពាក់ព័ន្ធណាមួយជាមួយតៃវ៉ាន់ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ និញនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រ។
សំណើរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនកើតឡើងក្រោយពីអាម៉េរិកនិងតំបន់តៃវ៉ាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងមួយក្រោមកិច្ចព្រមព្រៀង«គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១»របស់គេនៅក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃ១មិថុនា។
លោកស្រីម៉ៅ បាននិយាយថា« ចិនប្រឆាំងជាខ្លាំងការទាក់ទងផ្លូវការក្នុងទំរង់ណាមួយរវាងតំបន់តៃវ៉ាន់របស់ចិន ជាមួយប្រទេសនានាដែលមានទំនាក់ទំនងការទូតជាមួយចិន»។រដ្ឋាភិបាលអាម៉េរិកមានបំណងជំរុញការចរចាជាមួយអាជ្ញាធររបស់គណបក្សកាន់អំណាចDPPនៅតៃវ៉ាន់អំពីអ្វីដែលគេហៅថា«គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១»និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ការធ្វើដូច្នេះវារំលោភគោលការណ៍ចិនមួយនិងសេចក្តីប្រកាសរួមចិន-អាម៉េរិកចំនួនបីកន្លងមក និងផ្ទុយពីការប្តេជ្ញាចិត្តរបស់អាម៉េរិកខ្លួនឯងថា នៅតែបន្តទំនាក់ទំនងមិនផ្លូវការជាមួយតៃវ៉ាន់។
ម៉ៅបានបន្ថែមថា ក្រោមលេសធ្វើកិច្ចសហការពាណិជ្ជកម្ម អ្វីដែលគេហៅថា«គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១»គ្រាន់តែជាឧបករណ៍របស់អាម៉េរិកមួយដើម្បីច្រឹបយកតៃវ៉ាន់។អាជ្ញាធរកោះតៃវ៉ាន់ ក្រោមរបៀបវារៈផ្តាច់ខ្លួននិយមរបស់ខ្លួនក៏គ្មានអារម្មណ៍ស្ទាក់ស្ទើរចិត្តទេចំពោះការក្បត់ប្រជាជនតៃវ៉ាន់ខ្លួនឯង និងផលប្រយោជន៍ធុរកិច្ចឬលក់ទឹកដីតៃវ៉ាន់។តាមរយៈការចុះហត្ថលេខានេះ ពួកគេកំពុងដាក់តៃវ៉ាន់លើចានមួយនិងហុចអោយអាម៉េរិក»។
លោកស្រីបានបន្ថែមថា «ជាថ្មីទៀត យើងទទូចសុំអោយអាម៉េរិកគោរពគោលការណ៍ចិនមួយនិងសេចក្តីប្រកាសរួមចិន-អាម៉េរិកចំនួនបីកន្លងមក ដោយដូរទិសដៅភ្លាមនិងឈប់ទាក់ទងតៃវ៉ាន់ជាផ្លូវការក្នុងទំរង់ណាមួយ…ឈប់បញ្ជូនសារខុសទៅកាន់កងកម្លាំងផ្តាច់ខ្លួននិងទាមទារឯករាជ្យតៃវ៉ាន់ បើមិនអ៊ីចឹងទេផលវិបាកនឹងធ្លាក់លើភាគីអាម៉េរិក»៕
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ និញ ចាត់ទុកការទាក់ទងពាណិជ្ជកម្មនេះជាឧទាហរណ៍ចុងក្រោយបំផុតមួយនៃការរំលោភគោលការណ៍ចិនមួយពីសំណាក់អាម៉េរិក