​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ព្រះអង្គម្ចាស់​ហារី​នឹង​ក្លាយជា​រាជវង្ស​ជាន់ខ្ពស់​ដំបូង​គេ​របស់​ចក្រភព​អង់គ្លេស​ដែល​នឹង​ផ្តល់​ភស្តុតាង​នៅ​ក្នុង​តុលាការ​ក្នុង​រយៈពេល ១៣០ ឆ្នាំ​នៅ​ពេល​ទ្រង់​ផ្តល់​សក្ខីកម្ម​នៅ​សប្តាហ៍​ក្រោយ​នៅក្នុង​បណ្តឹង​របស់​ទ្រង់​ប្រឆាំង​នឹង​ក្រុមហ៊ុន​កាសែត​មួយ ដែល​ទ្រង់​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​ខុសច្បាប់​។​

​ព្រះអង្គម្ចាស់​ហារី ដែល​ជា​បុត្រា​ពៅ​របស់​ស្តេច​ឆា​ល នឹង​បង្ហាញ​ព្រះ​ភក្ត្រ​ក្នុង​ក្រចកសេះ​នៅ​តុលាការ​ជាន់ខ្ពស់​ក្រុង​ឡុង​ដ៍ ជា​ផ្នែក​នៃ​សំណុំរឿង​ដែល​ទ្រង់​និង​តារា​ល្បីៗ​ព្រមទាំង​ឥស្សរជន​ជាន់​ខ្ពស់​ជាង ១០០ នាក់​ផ្សេង​ទៀត បាន​ចោទប្រកាន់​ក្រុមហ៊ុន​កាសែត Mirror Group (MGN) ដែលជា​អ្នក​បោះពុម្ពផ្សាយ​កាសែត Daily Mirror, Sunday Mirror និង Sunday People​។​

​វា​នឹង​ក្លាយ​ជា​លើកទីមួយ​ហើយ​ដែល​សែ​រាជវង្ស​ជាន់ខ្ពស់​ផ្តល់​ភស្តុតាង​នៅ​តុលាការ ចាប់តាំងពី​ទ្រង់ អេ​ដវ៉ា​ដ​ទី​៧ (Edward VII)​បាន​ផ្តល់​សក្ខីកម្ម​ក្នុងនាម​ជា​សាក្សី​នៅ​ក្នុង​សំណុំរឿង​លែងលះ​ក្នុង​ឆ្នាំ ១៨៧០ ហើយ ២០ ឆ្នាំ​ក្រោយមក​បាន​ធ្វើ​ជា​សាក្សី​ម្តងទៀត​ក្នុង​សវនាការ​អំពី​ការ​បង្កាច់បង្ខូច​ជុំវិញ​ការ​លេងល្បែង​បៀ ដែល​ករណី​ទាំងពីរ​បាន​កើតឡើង​មុន​ពេល​ទ្រង់​ឡើង​សោយរាជ្យ​។​

​ព្រះអង្គម្ចាស់​ហារី ដែល​ស្ថិតនៅ​លំដាប់​ទី​ប្រាំ​នៅ​ក្នុង​រាជបល្ល័ង្ក​នោះ សឹងតែ​លេចមុខ​រាល់ថ្ងៃ​ក្នុង​សារព័ត៌មាន​ក្នុង​រយៈពេល​ប្រាំ​មួយខែ​ចុងក្រោយ​នេះ​ជុំវិញ​ជម្លោះ​ផ្លូវ​ច្បាប់​របស់​ទ្រង់​ជាមួយនឹង​សារព័ត៌​​មាន​អង់គ្លេស​និង​ការចេញផ្សាយ​នូវ​សៀវភៅ​ជីវប្រវត្តិ​របស់​ទ្រង់ និង ភាពយន្ត​ឯកសារ Netflix ដែល​ទ្រង់​បាន​ចោទប្រកាន់​រាជវង្ស​ជាន់ខ្ពស់​ដទៃ​ទៀត​អំពី​ការឃុបឃិត​ជាមួយ​កាសែត​នានា​។​

​ការបង្ហាញ​ខ្លួន​របស់​ទ្រង់​នៅក្នុង​តុលាការ​ទំនងជា​ទាក់ទាញ​ការចាប់អារម្មណ៍​ទូទាំង​ពិភពលោក​។​

​លោក ដេវីដ យែ​ល​លែន (David Yelland) ទីប្រឹក្សា​ទំនាក់ទំនង​ជាន់ខ្ពស់​និង​ជា​អតីត​និពន្ធ​នាយក​នៃ​កាសែត The Sun របស់​មហាសេដ្ឋី រូ​ភឺត ម៉ួដុ​ក (Rupert Murdoch) ជា​កាសែត​មួយ​ដែល​ទ្រង់​ហារី​កំពុង​ប្តឹង​ដែរនោះ បាន​និយាយថា រាជវង្សានុវង្ស​បាន​ព្យាយាម​ជា​យូរ​មក​ហើយ​ដើម្បី​គេច​ពី​សំណុំរឿង​របស់​តុលាការ ដោយសារ​តែ​ពួក​ទ្រង់​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បានទេ​៕

ទ្រង់​ហា​រីនឹង​ឡើង​ផ្តល់​ភស្តុតាង​នៅ​តុលាការ​នៅ​សប្តាហ៍​ក្រោយ​ក្នុង​បណ្តឹង​របស់​ទ្រង់​ប្រឆាំងនឹង​ក្រុមហ៊ុន​កាសែត Mirror Group