ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ធ្វើការផ្សព្វផ្សាយ ក្នុងអំឡុងពេលយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាពលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយ អប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយ របស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” និងមានការអញ្ជើញចូលរួមពីតំណាង គណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោត និងសមាជិកគណៈកម្មការ សម្របសម្រួល។
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានមាន ប្រសាសន៍ថាៈ គណៈកម្មការសម្របសម្រួល រៀបចំកិច្ចប្រជុំនេះ ដើម្បីជម្រាបជូន គណបក្សនយោបាយ អំពីគោលការណ៍ ប្រធានបទ និងកិច្ចការបច្ចេកទេសមួយចំនួន ដើម្បីត្រៀមរៀបចំការផលិត កម្មវិធីផ្សព្វផ្សាយគោលនយោបាយ របស់គណបក្ស នយោបាយ (កម្មវិធីតុមូល) និងស្ប៉តឃោសនារបស់ គណបក្សនយោបាយ ដែលត្រូវចាក់ផ្សាយ នៅវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា រួមនឹងការរៀបចំអត្ថបទ ឃោសនា របស់គណបក្សនយោបាយ នៅលើព្រឹត្តិបត្រគោលនយោបាយ ដែលចេញ ផ្សាយដោយ គ.ជ.ប ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
លោក ម៉ុក ដារ៉ា បានបញ្ជាក់ថាៈ សម្រាប់ការផ្សព្វផ្សាយ ខាងលើនេះ គណបក្សនយោ បាយទាំងអស់ ទទួលបានឱកាស ដោយស្មើភាព តម្លាភាព និងឥតគិតថ្លៃ។
ក្នុងកិច្ចប្រជុំនេះ លោកប្រធានដឹកនាំកិច្ចប្រជុំ និងមន្រ្តីជំនាញ គ.ជ.ប បានធ្វើការបក ស្រាយ ពន្យល់ និងឆ្លើយតបនឹងសំណួររបស់តំណាង គណបក្សនយោបាយ និងបានឱ្យ តំណាងគណបក្សនយោបាយ ធ្វើការចាប់ឆ្នោត ដើម្បីឱ្យការផលិត ការថត និងការផ្សព្វផ្សាយ កម្មវិធីផ្សព្វផ្សាយ គោលនយោបាយ ស្ប៉តគណបក្សនយោបាយ និងព្រឹត្តិបត្រគោលនយោបាយ ប្រព្រឹត្តទៅដោយរលូន ស្របតាមនីតិវិធី និងមានតម្លាភាព៕ V / N