​ក្រោយ​ទឹកជំនន់​ផ្តាច់​ស្ពាន​ស្ទឹង​កែវ​ការលំបាក​បានកើត​ឡើង​សម្រាប់​ពលរដ្ឋ​មូលដ្ឋាន​

833
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​ក្រោយ​ទឹកជំនន់​បាន​កាត់ផ្តាច់​ស្ពាន​ស្ទឹង​កែវ​ស្ថិតក្នុង​ឃុំ​ស្ទឹង​កែវ​ស្រុក​ទឹកឈូ​ខេត្តកំពត​ការលំបាក​បានកើត​ឡើង​សម្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ហើយនឹង​អាច​ប៉​ពាល់​ដល់​ដំណើរការ​បោះឆ្នោត​នាពេល​ដ៏​ខ្លី​ខាងមុខ​។​

​ក្នុង​វ័យ​៥៥​ឆ្នាំ​កសិករ​ឈ្មោះ​អ៊ុង​ម៉ាត់​ណូ​រស់នៅ​ភូមិ​អន្លង់​ម៉ាក់​ប្រា​ង​ឃុំ​ស្ទឹង​កែវ​ស្រុក​ទឹកឈូ​បាន​រៀបរាប់ថា​បន្ទាប់ពី​ស្ពាន​ស្ទឹង​កែវ​បាន​បាក់​ដាច់​ដោយសារ​ទឹកជំនន់​ប៉ុន្មាន​ថ្ងៃមុន​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ជួប​ការលំបាក​ព្រោះ​ត្រូវ​ជិះទូក​ម៉ាស៊ីន​ឆ្លង​ទឹក​ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត​។

​ថ្មីៗ​នេះ​ទូក​មួយគ្រឿង​លិច​ពេល​កំពុង​ដឹកជញ្ជូន​ភ្ញៀវ​ទើប​បង្កឱ្យមាន​ការភ័យខ្លាច​បន្ថែម​រហូត​ឪពុកម្តាយ​កុមារ​ខ្លះ​បាន​ហាមឃាត់​កូន​មិន​ឱ្យទៅ​រៀន​ជា​បណ្តោះអាសន្ន​ទៀតផង​។

​កសិករ​ដដែល​បាន​សំណូមពរ​ថា​ក្នុងនាម​តំណាងឱ្យ​ពលរដ្ឋ​នៅទីនេះ​លោក​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ធ្វើ​ស្ពាន​ឡើងវិញ​ឱ្យបាន​ឆាប់​ដើម្បី​ងាយស្រួល​ឆ្លងកាត់​ពិសេស​សិស្សសាលា​ដែល​ពួកគេ​ត្រូវ​ទៅ​រៀន​នៅឯ​ត្រើយម្ខាង​នោះ​។​

ស្ពាន​ស្ទឹង​កែវ​មាន​សារសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ដំណើរ​ឆ្លងកាត់​ដើម្បី​បាន​ដល់​គោលដៅ​នានា ដូចជា​ទៅធ្វើ​ស្រែចម្ការ ទៅ​ផ្សារ ក្មេងៗ​ទៅ​សាលារៀន មន្ត្រីរាជការ​ទៅ​បំពេញការងារ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ប៊ុនរ៉ានី ហ៊ុនសែន​៣១៧​កោះស្លា​ជាដើម​។

​អ៊ុង​ម៉ាត់​ណូ​បាន​បន្ថែមថា​ព្រោះតែ​អត់​មាន​ស្ពាន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​អាច​នឹង​ជួប​បញ្ហា​ដោយសារ​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​បោះឆ្នោត​។​អ្នក​នៅ​ត្រើយ​ខាងជើង​ត្រូវ​ឆ្លង​មក​បោះឆ្នោត​នៅ​ការិយាល័យ​នៃ​មណ្ឌល​ខាងត្បូង​នេះ​។ ចំណែកឯ​អ្នក​នៅ​ខាងត្បូង​ត្រូវ​ឆ្លងទៅ​ត្រើយ​ខាងជើង​ដែលជា​រឿង​លំបាក​មែនទែន​។

ដូច្នេះ លោក​សូមឱ្យ​រាជរដ្ឋាភិបាល​ឬ​ថ្នាក់ដឹកនាំ​ត្រៀម​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​បោះឆ្នោត​ទាំងអស់គ្នា​ទោះ​ប្រើ​រូបភាព​បែបណាក៏ដោយ​។​

​សូមបញ្ជាក់ថា​ស្ពាន​ស្ទឹង​កែវ​បាន​បាក់​ដោយ​កម្លាំង​ទឹកជំនន់​ហូរ​ធ្លាក់​មកពី​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​១៩ ខែកក្កដា​ឆ្នាំ​២០១៨​។​ដើមឡើយ​ស្ពាន​នេះ​សាងសង់ឡើង​ដោយ​អាជីវករ​ឯកជន​ដែល​អាច​ចរាចរ​បាន​ត្រឹម​រថយន្ត​ប្រភេទ​ទេសចរណ៍ និង​តម្រូវឱ្យ​អ្នកដំណើរ​ឆ្លងកាត់​បង់​លុយ​ទាំង​ទៅ​ទាំង​ត្រឡប់មកវិញ​។
ឃើញ​ស្ថានភាព​បែប​នោះ​បន្ទាប់ពី​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​នៅ​អំឡុងពេល​ប្រហែល​ពីរ​ឆ្នាំមុន​អាជ្ញាធរ​ខេត្តកំពត​បាន​សម្រេច​ទិញ​ស្ពាន​ផ្តាច់​ពី​ឯកជន​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

ពាក់ព័ន្ធ​នឹង​ករណី​ស្ពាន​ឆ្លងស្ទឹង​កែវ​ត្រង់ចំណុច​ខាងលើ​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យដឹងថា​កន្លងមក​ពួកគាត់​បាន​សំណូមពរ​ចំពោះ​រាជរដ្ឋាភិបាល​ឱ្យជួយ​សាងសង់​ស្ពាន​ប្រកបដោយ​គុណភាព​ដើម្បី​បានធ្វើ​ដំណើរ​ងាយស្រួល​ស​ម្រា​ប់​យានយន្ត​គ្រប់​ប្រភេទ​។​ប៉ុន្តែ​សំណើ​ជាច្រើនលើក​ច្រើនសា​ទាំងនោះ​មិនដឹងថា​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ឬ​ទើរ​ត្រឹមណា​នោះទេ​ព្រោះ​មិន​ទទួលបាន​ការឆ្លើយតប​មកវិញ​សោះ​។

​ប្រជាពលរដ្ឋ​បាន​បន្ថែមទៀតថា​មាន​ផ្នែក​ឯកជន​មួយ​ផ្តួចផ្តើម​សាងសង់​ជា​ប្រភេទ​ស្ពាន​បា​ឡេ​ថែមទាំង​បាន​ដឹក​សម្ភារៈ​មកកាន់​ទីនេះ​ទៀតផង តែ​ស្ថិតក្នុង​លក្ខខណ្ឌ​មួយ​ដែល​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​មិនអាច​ទទួលយកបាន​។​ស្ពាន​ដែល​គ្រោង​នឹងធ្វើ​នោះ​ត្រូវបាន​គេ​ប្រាប់ថា​មានតម្លៃ​ជាង​១៤​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការគ្រប់គ្រង​ដី​បី​ពាន់​ហិកតា​នៅ​ផ្នែក​ខាងលើ​ហើយ​មួយផ្នែកធំ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ទៀតផង​។

​ព្រោះតែ​លក្ខខណ្ឌ​នោះ​មិន​ទទួលជោគជ័យ​ទើប​សម្ភារៈ​សំណង់​ត្រូវ​ដឹក​ចេញ​ជា​បណ្តើរៗ​វិញ​ទោះ​ការបុក​គ្រឹះ​បាន​ដំណើរការ​មួយផ្នែក​ហើយ​ក្តី​៕S/

​ក្រោយ​ទឹកជំនន់​ផ្តាច់​ស្ពាន​ស្ទឹង​កែវ​ការលំបាក​បានកើត​ឡើង​សម្រាប់​ពលរដ្ឋ​មូលដ្ឋាន​

ទីតាំងផ្សាយពាណិជ្ជកម្ម