ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ បំភ្លេចចោលទៅអំពីការបារម្ភអំពីរយៈចម្ងាយអាចបើកបរបាននៅកោះហៃណាន។ ជាមួយនឹងស្ថានីយសាកភ្លើងជាង ៧៥.០០០ កន្លែង ម្ចាស់រថយន្តអគ្គិសនីនៅក្នុងតំបន់ទីក្រុងនៃកោះត្រូពិចភាគខាងត្បូងប្រទេសចិននេះជាធម្មតាមិនស្ថិតនៅឆ្ងាយលើសពីមួយឬពីរគីឡូម៉ែត្រពីកន្លែងសាកភ្លើងរថយន្តរបស់ពួកគេនោះឡើយ។
បណ្តាញដ៏ទូលំទូលាយបែបនេះគឺជាផ្នែកមួយនៃផែនការរបស់រដ្ឋបាលខេត្តដើម្បីបញ្ចប់ការលក់រថយន្តឥន្ធនៈហ្វូស៊ីលនៅត្រឹមឆ្នាំ ២០៣០ ហើយបច្ចុប្បន្នមានរថយន្តអគ្គិសនី (EV)និងរថយន្តហាយប្រ៊ីដចំនួន ៤៥ ភាគរយនៃរថយន្តទាំងអស់នៅលើកោះនេះ ជាកន្លែងដំបូងគេនិងតែមួយគត់នៅក្នុងប្រទេសចិនដែលកំណត់គោលដៅបែបនេះ។ ភាពជោគជ័យរបស់ខេត្តអាចជួយផ្តល់ប្លង់មេសម្រាប់ផ្នែកដទៃនៃប្រទេសដើម្បីប្រើប្រាស់អគ្គិសនីទាំងស្រុងនាពេលអនាគត។
កោះនេះមានអត្ថប្រយោជន៍ជាក់លាក់នៅពេលនិយាយអំពីការជួយគាំទ្រដល់រថយន្ត EV ។ វាមានទំហំប្រហែលបែលហ្ស៊ិកឬតៃវ៉ាន់ ដែលមានន័យថាភាគច្រើននៃប្រជាជន ១០លាននាក់របស់កោះនេះធ្វើដំណើររយៈពេលខ្លីប៉ុណ្ណោះ។ អាកាសធាតុក្តៅនឹងជួយពន្យារអាយុកាលថ្ម មិនដូចនៅទីក្រុងប៉េកាំងទេ ដែលសីតុណ្ហភាពអាចធ្លាក់ចុះក្រោមសូន្យញឹកញាប់ក្នុងរដូវរងា។
រដ្ឋបាលតំបន់ក៏បានចំណាយប្រាក់រាប់សិបលានយ័នផងដែរក្នុងការឧបត្ថម្ភធនលើការទិញរថយន្ត EV ។ រាល់រឿងទាំងអស់នេះបានជំរុញឱ្យខេត្តមានអត្រាសម្របខ្លួនទទួលយករថយន្តថាមពលស្អាតខ្ពស់បំផុតទីពីរនៅក្នុងប្រទេសកាលពីឆ្នាំមុនគឺ ៤២ ភាគរយនៃការលក់រថយន្តថ្មី ដែលតាមពីក្រោយតែមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សម្បូររុងរឿង សៀងហៃ (៤៨ ភាគរយ) ប៉ុណ្ណោះ ដែលផ្តល់ការលើកទឹកចិត្តយ៉ាងច្រើនសម្បើមដល់អ្នកទិញ។
ឡានតាក់ស៊ីនិងឡានក្រុងទាំងអស់របស់កោះហៃណានក៏ប្រើអគ្គិសនីសុទ្ធដែរ។
លោក ចាង ហាវធៀន (Zhang Haotian) អ្នកលក់សម្រាប់រថយន្ត EV លំដាប់ខ្ពស់ម៉ាក Zeekr របស់ក្រុមហ៊ុន Zhejiang Geely Holding Group បាននិយាយថា “គោលដៅនេះនឹងសម្រេចបានយ៉ាងពិតប្រាកដ។ ការគាំទ្រដ៏រឹងមាំរបស់រដ្ឋបាលខេត្តហៃណានក៏ដូចជាទំហំនិងអាកាសធាតុរបស់កោះគឺល្អឥតខ្ចោះក្នុងការគាំទ្រវាឱ្យរីកចម្រើនក្លាយជាអ្នកនាំមុខទីផ្សារសម្រាប់ការសម្របខ្លួនទទួលយករថយន្ត EV”៕
ស្ថានីយសាកភ្លើងរថយន្តនៅកោះហៃណាន