ផ្លូវជាតិ​លេខ​៣​ក្នុង​ខេត្តកំពត​ខូចខាត​ពេល​ទឹកជំនន់​នឹង​ជួសជុល​រួចរាល់​អំឡុង​មួយ​សប្តាហ៍​

1517
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​កំណាត់​ផ្លូវជាតិ​លេខ​៣​ក្នុង​ខេត្តកំពត​ប្រវែង​១៥​គីឡូម៉ែត្រ​ដែល​រង​ការខូចខាត​ដោយសារ​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​អំឡុងពេល​និង​ក្រោយ​ទឹកជំនន់​នឹង​ជួសជុល​រួចរាល់​ដោយ​ប្រើ​វេលា​មួយ​សប្តាហ៍​ដើម្បី​សម្រួលការ​ធ្វើដំណើរ​ឱ្យ​ល្អប្រសើរ​ឡើងវិញ​។​

​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ផ្អែក​តាម​តម្រូវការ​ចាំបាច់ ក្រោយ​មាន​សំណូមពរ​ពី​អាជ្ញាធរ​ខេត្តកំពត និង​ការចុះ​ត្រួតពិនិត្យ​ដោយ​ក្រុមបច្ចេកទេស​របស់​ក្រសួង នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨​ក្រោម​វត្តមាន​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ន រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​លោក​ជាវ តា​យ អភិបាល​ខេត្តកំពត​។

ការជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៣​ប្រវែង​១៥​គីឡូម៉ែត្រ​ចាប់ពី​បង្គោល​លេខ​១៣៩​ដល់​១៥៤​ដើម្បី​សម្រួលការ​ធ្វើដំណើរ​ឡើងវិញ​បានចាប់ផ្តើម​បន្ទាប់ពី​រង​ការខូចខាត​ដោយសារ​រថយន្ត​តូចធំ​បើកបរ​ឆ្លងកាត់​អំឡុង​និង​ក្រោយ​ទឹកជំនន់​នាពេល​កន្លងមក​។​ការជួសជុល​ក្នុង​ភាព​បន្ទាន់​បែបនេះ​នឹង​ប្រើ​រយៈពេល​មួយ​សប្តាហ៍​ដោយ​ឈូសឆាយ​ពង្រាប​ឱ្យ​ស្មើ​សិន​ព្រោះ​មិនទាន់​អាច​ចាក់​ក្រាល​កៅស៊ូ​បាន​ដ្បិត​ភ្លៀង​កំពុង​បន្ត​ធ្លាក់​ថែមទៀត​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្នុងការ​ជួសជុល​កំណាត់​ផ្លូវ​នេះ​ក្រសួង​បានប្រគល់​ជូន​ក្រុមហ៊ុន​ស៊ី​ចួន​រ៉ូ​ដ​អេ​ន​ប្រ៊ី​ដ៏​(SichuanRoadAndBridgeCorporation,Ltd)​ដែល​ដេញថ្លៃ​បាន​និង​តម្រូវឱ្យ​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី​២២​ខែកក្កដា​ក្នុង​ភាព​បន្ទាន់​បំផុត​។​កិច្ចការងារ​បន្ទាប់​នឹង​ចាប់ផ្តើម​នៅពេល​លែងមាន​ភ្លៀង​ធ្លាក់​។​

​សូមបញ្ជាក់ថា​អំឡុងពេល​ផ្លូវជាតិ​លេខ​៤​ត្រូវបាន​បញ្ជា​ឱ្យ​ផ្អាក​ការធ្វើ​ចរាចរ​ដោយសារ​ទឹកជំនន់​លិចលង់​ត្រង់ចំណុច​ស្ពាន​សំរោង​រថយន្ត​គ្រប់​ប្រភេទ​ពិសេស​រថយន្ត​ធុន​ធំ​ផ្ទុក​ទម្ងន់​លើស​កំណត់​បាន​ប្តូរ​ទិស​ក្នុងការ​ធ្វើដំណើរ​ដោយ​បង្វែ​មក​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៣​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង ។​ខណៈដែល​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តកំពត​ពុំបាន​ហាមឃាត់​នោះ​។​

​ព្រោះតែ​គុណភាព​ផ្លូវ​ស្ថិតក្នុង​កម្រិត​អន់​ខ្សោយ​ស្រាប់​ស្រប​នឹង​រថយន្ត​ភាគច្រើន​ជា​ប្រភេទ​ផ្ទុកទំនិញ​ធ្ងន់ៗ​ផង​បានធ្វើឱ្យ​ស្ថានភាព​នៃ​កំណាត់​ផ្លូវជាតិ​លេខ​៣​ប្រវែង​១៥​គីឡូម៉ែត្រ​ពី​ចំណុច​បង្គោល​លេខ​១៣៩​ដល់​១៥៤​រង​ការខូចខាត​យ៉ាង​លឿន​បំផុត​។​

ជាមួយ​ទិដ្ឋភាព​បែបនេះ​អាជ្ញាធរ​ខេត្តកំពត​បាន​សំណូមពរ​ដល់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ជួយ​អន្តរាគមន៍​ដើម្បី​សម្រួល​សម្រាប់​ការធ្វើដំណើរ​ឱ្យបាន​ប្រសើរ​ឡើងវិញ​៕S/

​ផ្លូវជាតិ​លេខ​៣​ក្នុង​ខេត្តកំពត​ខូចខាត​ពេល​ទឹកជំនន់​នឹង​ជួសជុល​រួចរាល់​អំឡុង​មួយ​សប្តាហ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម