ដោយ:ដេប៉ូ/ភ្នំពេញ:ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះក្រសួងការងារបានអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាកពីការងារចំនួន៣ថ្ងៃពោល គឺចាប់ពីថ្ងៃ ទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។

បើយោងតាមសេចក្តីណែនាំរបស់ក្រសួងការងារ នៅថ្ងៃទី ខែ មិថុនាឆ្នាំ ២០២៣ដែលបានចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានបញ្ជាក់ប្រាប់ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារឱ្យបាន ជ្រាបថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិតក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ម្ចាស់ នាយករោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតបានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ គឺនៅថ្ងៃ ទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។

       

ក្រសួងបានបន្តឱ្យដឹងថា៖ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុវត្តដូចខាងក្រោម៖ រាល់ការឈប់សម្រាកដូចមានកំណត់ខាងលើ បងប្អូនកម្មករនិយោជិតពុំតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធ ផ្សេងៗនៅពេលត្រឡប់មកវិញឡើយ។

និយោជកត្រូវខិតខំបើកប្រាក់ឈ្នួល ជូនបងប្អូនកម្មករនិយោជិតឱ្យបានមុនថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគ (បុរេប្រទាន) ជាមុនសិន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិតទាំងអស់ នឹងអនុវត្តតាមសេចក្ដីណែនាំនេះប្រកបដោយប្រសិទ្ធភាព៕srn-pc