​ប្រែ​សម្រួលៈ​បំណង​(CGTN)៖ ចំនួន​មនុស្ស​ស្លាប់​ពី​គ្រោះថ្នាក់​រថភ្លើង​ដឹក​អ្នកដំណើរ​ពីរ​បុក​គ្នា​នៅ​រដ្ឋ​អូ​ឌី​សា​(Odisha)​នៅ​ឥណ្ឌា​ភាគ​ខាងកើត​ឡើងដល់​២៨៨​នាក់​និង​៨០៣​នាក់​ទៀត​បាន​រង​​របួស​កាលពី​ថ្ងៃ​សៅរ៍​។​

​សារព័ត៌មាន​The Times of India​បាន​ស្រង់​សម្តី​ពួក​មន្ត្រី​ផ្លូវដែក​ឥណ្ឌា ដែល​បាន​និយាយថា ជនរងគ្រោះ​ដល់​ជីវិត​២៨៨​នាក់​ត្រូវបាន​កត់ត្រា​ឃើញ​នៅក្នុង​ការបុក​ទង្គិច​ដ៏​រន្ធត់​នេះ ដែល​វា​ជា​​គ្រោះថ្នាក់​រថភ្លើង​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​ឥណ្ឌា​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​។ អ្នកដំណើរ​ដែល​រងរ​បួស ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង ហ្គោ​ប៉ាល់​ពួ​រ​(Gopalpur) ខាន់​តា​ប៉ា​រ៉ា​(Khantapara) បា​ឡា​សូ​រ៉េ​(Balasore) បាត​រ៉ាក់​(Bhadrak)​និង​សូ​រ៉ូ​(Soro)​។​

​គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​នៅក្បែរ​ស្ថានីយ​បា​ហា​ណាហ្កា បា​ហ្សា​(Bahanaga Bazar)​នៅក្នុង​ស្រុក បា​ឡា​សូ​រ៉េ ចម្ងាយ​១៧១​គីឡូម៉ែត្រ​ពី​ទីក្រុង ប៊ូ​បាណេ​សស្វា​(Bhubaneswar) រដ្ឋធានី​របស់​រដ្ឋ​អូ​ឌី​សា​។​

​យោង​តាម​មន្ត្រី រថភ្លើង Coromandel Express​ដែល​រត់​ពី​ក្រុង​កុល​កាតា​(Kolkata)​ទៅ​ឆេន​ណា​យ​(Chennai) បាន​បុក​ដុំ​កង់​រថភ្លើង​Yashwantpur-Howrah Express​ដែល​បាន​​ជួប​គ្រោះថ្នាក់​ធ្លាក់​ចេញពី​ផ្លូវ​។​រថភ្លើង​ដឹកទំនិញ​មួយទៀត​ក៏​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​នេះ​ដែរ​។​

​ការបុក​គ្នា​នេះ​បណ្តាលអោយ​ស្ទះចរាចរណ៍​ផ្លូវដែក ដោយ​សារព័ត៌មាន​បាន​និយាយថា រថភ្លើង​៤៨​ខ្សែ​បាន​លុបចោល​ប្រតិបត្តិ​ការដឹកជញ្ជូន​តាំងពី​ពេល​កើតហេតុ​មកនិង៣៩​ខ្សែ​បង្វែរ​ផ្លូវ​ដោយសារតែឧ​ប​​ទ្ទ​វហេតុ​នេះ​។​

​ពួក​មន្ត្រី​បាន​និយាយថា កម្លាំង​ប៉ះទង្គិច​ខ្លាំង​ដល់​ថ្នាក់​ទូរ​រថភ្លើង​ផ្លោង​គរ​លើ​គ្នា​បង្ក​ការស្លាប់​និង​របួស​មនុស្ស​ច្រើន​។​មនុស្ស​រាប់រយ​នាក់​ក៏​ជាប់​ក្នុង​ទូរ​រថភ្លើង​ក្រោយ​កើតហេតុ​។​

​ក្រុម​ជួយសង្គ្រោះ បុគ្គលិក​សុខាភិបាល ប៉ូលិស​និង​ផ្នែក​សេវា​អគ្គិភ័យ​រួមទាំង​គ្រោះមហន្តរាយ បាន​ប្រញាប់ប្រញាល់​ទៅកាន់​កន្លែង​កើតហេតុ​ភ្លាមដើម្បី​បើក​ប្រតិបត្តិ​ការសង្គ្រោះ​។​កងទ័ពអាកាស​ឥណ្ឌា​​ក៏​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​Mi-17​ទៅ​ជួយ​ការងារ​សង្គ្រោះ​រហូតដល់​រសៀល​ថ្ងៃ​សៅរ៍ ។​រថយន្ត​ពេទ្យ​ជាង​២០០​ក៏​ត្រូ​វ​បាន​បញ្ជូន​ទៅកាន់​កន្លែង​កើតមាន​គ្រោះថ្នាក់​ដើម្បី​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​​ខណៈ​ក្រុមហ៊ុន​រថយន្តក្រុង​ក្នុង​មូលដ្ឋាន​ក៏​បាន​ចូលរួម​សេវា​ដឹកជញ្ជូន​អ្នករបួស​។​

​សារព័ត៌មាន​ឥណ្ឌា​បាន​និយាយថា មនុស្ស​ជាង​៣.៥០០​នាក់​បាន​កំពុងធ្វើដំណើរ​ពេល​កើតមាន​គ្រោះថ្នាក់ រីឯ​មូលហេតុ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រ៉េ​នដ្រា ម៉ូ​ឌី បាន​បើក​កិច្ចប្រជុំ​អំពី​គ្រោះថ្នាក់​រថភ្លើង​នេះ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ និង​ក្រោយមក​បាន​ធ្វើដំណើរ​ទៅ​កាន់​ក្រុង​បា​ឡា​សូ​រ៉េ​ដើម្បី​សួរ​សុខទុក្ខ​អ្នក​រងរបួស​នៅ​មន្ទីរ​​ពេទ្យ​៕