​ប្រែ​សម្រួលៈ​បំណង​(VNExpress)៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក​លី សាង​ហ្វ៊ុយ​(Li Shangfu)​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ទី៤មិថុនានេះ​ថា ជម្លោះ​ជាមួយ​អាម៉េរិក​នឹង​ជា​«​មហន្តរាយ​ដ៏​ខ្លោចផ្សា​»​មួយ​​តែ​ថា​ប្រទេស​លោក​ស្វះស្វែង​រក​ការចរចា​គ្នា​អំពី​ការប្រឈមមុខ​។​

​ថ្លែង​នៅ​ជំនួប​កំពូលស្តីពី​សន្តិសុខ​​អាស៊ី សាង​ហ្គ្រី​-​ឡា ដាយ​ឡក​(Shangri-La Dialogue)​នៅ​សិង្ហ​បុរី លោក​លី​ក្នុង​ឯកសណ្ឋាន​ឧត្តមសេនី​យ៍​នៃ​កងទ័ព​រំដោះប្រជាជន​ចិន បាន​និយាយ​​ថា ពិភពលោក​នេះ​ធំ​ល្មម​សំរាប់​ចិន​និង​អាម៉េរិក​រីកចំរើន​ធំធាត់​ទៅ​ជាមួយគ្នា​។​

«​ចិន​និង​អាម៉េរិក​មាន​ប្រព័ន្ធ​ខុស​គ្នា​និង​ខុស​គ្នា​ក្នុង​ផ្លូវ​ជា​ច្រើន​ទៀត​។​ទោះជា​យ៉ាងណា វា​នឹង​មិន​រារាំង​មិនអោយ​ភាគី​ទាំងពីរ​ស្វែងរក​មូលដ្ឋាន​និង​ផលប្រយោជន៍​រួម​ដើម្បី​ធ្វើអោយ​ទំនាក់ទំនង​ទ្វេភាគី​​រីកចំរើន​​និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​រឹងមាំ​ឡើង​ឡើយ​។​វា​មិន​អាច​ប្រកែក​បាន​ឡើយ​ថា ជម្លោះ​ធ្ងន់ធ្ងរ​ណាមួយ​ឬ​ការប្រឈមមុខ​រវាង​ចិន​និង​អាម៉េរិក​នឹង​ជា​គ្រោះមហន្តរាយ​ដ៏​ឈឺចាប់​មួយ​សំ​​រាប់​ពិភពលោក​»​។​

​សូមបញ្ជាក់​ថា ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​បាន​ធ្លាក់​ដល់​កំរិត​ទាប​បំផុត​ដោយសារតែ​បញ្ហា​មួយចំនួន​ធំ រួម​មាន​កោះ​តៃវ៉ាន់ សមុទ្រ​ចិន​ខាងត្បូង​និង​ការបិទ​ខ្ទប់​ការនាំ​ចេញបន្ទះ​ឈីប​និង​បច្ចេក​​វិទ្យា​ផលិត​បន្ទះ​ឈីប​កំរិត​ខ្ពស់​ទៅ​កាន់​ចិន​។​

​ក្នុង​ជម្លោះចុងក្រោយ យោធា​ចិន​បាន​រិះគន់​អាម៉េរិក​និង​កាណាដា​ដែល​បាន​បញ្ជូន​នាវាចម្បាំង​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់កាលពីម្សិលមិញដោយ​ចិន​ចោទប្រកាន់​អាម៉េរិក​ថា​«​មាន​ចេតនា​បង្ក​ហានិភ័យ​»​ពី​ការប្រ​​ឈមមុខ​គ្នា​។​

​តែ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​សៅរ៍​នៅ​ជំនួប​Shangri-La Dialogue រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក ឡយ អូ​ស្ទីន បាន​រិះគន់​ចិន​ចំពោះ​ការបដិសេធ​កិច្ចពិភាក្សា​យោធា​រវាង​បរមុខ​ការពារជាតិ​​នៃ​ប្រទេស​ទាំង​ពីរ ជាហេតុ​នាំ​អោយ​មហាអំណាច​ទាំង​ពីរ​មិន​អាច​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​។​

អូស្ទីន កាលពីថ្ងៃសៅរ៍ បាននិយាយថាអាម៉េរិកមិនស្វះស្វែងរកការប្រឈមមុខឬជម្លោះទេ តែក៏នឹងមិនឳនក្បាលចំពោះការសម្លុតគំរាមឬការបង្ខិតបង្ខំណាមួយឡើយ

​លោក​លី​ហាក់​ខំ​អត់ធ្មត់​នៅក្នុង​សុន្ទរកថា​របស់​លោក ទោះជា​យ៉ាងណា​លោក​បាន​និយាយ​បញ្ឆិតបញ្ឆៀង​ដាក់​អាម៉េរិក ដោយ​ចោទប្រកាន់​ប្រទេស​ខ្លះ​ថា​បង្កើន​ការត់​ប្រឆាំង​សព្វាវុ​ធនិង​ជ្រៀតជ្រែ​កកិច្ចការ​​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ទាំង​ខុសច្បាប់​។​

​លោក​ថា​«គំនិត​សង្គ្រាមត្រជាក់​មួយ​កំពុង​លេចឡើង​ហើយ​ឥឡូវ ដោយ​វាកាន់តែ​បង្កើន​ហានិភ័យ​សន្តិសុខ​ ហើយការគោរព​គ្នា​គួរ​អោយ​តំលៃ​ជាង​ការ​សម្លុត​គំរាម​និង​អនុត្តរ​ភាព​»៕

​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក​លី សាង​ហ្វ៊ុយ ចូលរួម​ក្នុង​ជំនួប​កំពូល​សន្តិសុខ​IISS Shangri-La Dialogue​ទី​២០​នៅ​សិង្ហ​បុរី