ដោយៈសុខុម/ស្ទឹងត្រែង៖ ស្រ្តីជាម្តាយបើកទូកដឹកកូនស្រីពីរនាក់ចេញពីចម្ការលើដីកោះក្នុងបំណងមកផ្ទះនៅត្រើយម្ខាង ។ប៉ុន្តែបានជួបគ្រោះថ្នាក់លិចទូកនៅតាមផ្លូវហើយ។ភ្លាមៗនោះម្តាយជួយសង្រ្គោះបានកូនស្រីច្បងឱ្យរួចផុតពីគ្រោះថ្នាក់តែកូនស្រីប្អូនអាយុទើប៥ខែ បានឈ្លក់ទឹកស្លាប់។ ឧបទ្ទវហេតុនោះកើតឡើង កាលពីវេលាម៉ោងជាង ២ រសៀលថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៣នៅភូមិត្បូងខ្លាឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

លោក ថា ប៉ូសា នាយប៉ុស្តិ៍នរដ្ឋបាលឃុំអូរម្រះបានឱ្យដឹងនៅព្រឹកថ្ងៃទី៤ខែមិថុនា ថាកាលពីរសៀលថ្ងៃម្សិលមិញ មានគ្រួសារមួយបើកទូកដឹកកូនៗចំនួនពីរនាក់មកពីចម្ការហើយបានលិចទូក។ស្រ្តីជួបគ្រោះថ្នាក់ឈ្មោះ បួន ឆន អាយុប្រហែល២៥ឆ្នាំជិះទូកប្រភេទទូកស្មាច់ម៉ាស៊ីនកម្លាំង២៥សេះ។នៅពេលដែលស្រ្តីនោះបញ្ជាម៉ាស៊ីនកាន់តែខ្លាំងឡើងបញ្រ្ចាស់ទឹកហូរខ្លាំងមានថ្មផងហើយទូកមានសភាពស្រាលក៏ក្រឡាប់បណ្តាលឱ្យជ្រុលចូលទៅក្នុងជុច។សភាពពេលនោះស្រ្តីជាម្តាយតែម្នាក់ឯង ជួយបានតែកូនស្រីច្បងអាយុប្រាំឆ្នាំប៉ុណ្ណោះ។ចំណែក កូនស្រីតូចអាយុទើបនឹងប្រាំខែ បានជាប់ នៅក្នុងជុច ជួយមិនទាន់ក៏បានស្លាប់ទៅ។

លោកបានបញ្ជាក់ថា ក្នុងពេលជួបហេតុការណ៍នេះប្តីរបស់នាងគឺពុំបានរួមដំណើរមកជាមួយទេ៕សរន