ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខកីឡាជនពិការអាស៊ីអាគ្នេយ៍ លោក OSOTH BHAVILAI បានលើកឡើងថាៈ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ដែចាប់ផ្តើមក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដ៏អស្ចារ្យនេះ ជាឱកាសមួយ គួរឱ្យចងចាំ ដែលមិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជាតិអាស៊ាន និងសហគមន៍ជនពិការទាំងអស់។
ប្រធានសហព័ន្ធកីឡាជនពិការអាស៊ានរូបនេះបានអះអាងទៀតថាៈ ចំពោះអត្តពលិក គឺជាមនុស្សដ៏សំខាន់ នៃកីឡារបស់យើងទោះបីកីឡាប្រភេទណាក៏ដោយ សូមអ្នកជឿជាក់ខ្លួនឯង។
ការតស៊ូ ការឈឺចាប់ និងជោគជ័យរបស់អ្នក នឹងធ្វើឲ្យមនុស្សជំនាន់ក្រោយ នឹងចងចាំ និងទុកជាមានតម្លៃ។ សម្រាប់អ្នកស្ម័គ្រចិត្តទាំងអស់ អ្នកគឺជាផ្នែកដ៏សំខាន់នៃកីឡា។ចំណង់ចំណូលចិត្ត ការលះបង់ និងការខិតខំរបស់អ្នក ពិតជាបង្ហាញពីការគាំទ្រដ៏ខ្លាំង ចំពោះកីឡា។ យើងសូមអរគុណអ្នកស្មោះអស់ពីចិត្ត។
អាស៊ាន មានមុខមាត់ នៅពេលនេះ ដោយសារតំបន់មានអ្នកមានសមត្ថភាព និងអ្នកឈ្នះលំដាប់ពិភពលោក។ អាស៊ាន មានមោទនភាព ដោយមានអត្តពលិកពិការលំដាប់ពិភពលោក ក្នុងអត្តពលកម្មកីឡាហែលទឹកកីឡាបាញ់ធ្នូ កីឡាលើកដុំដែក កីឡាបោះប៊ូល និងកីឡាផ្សេងទៀត។ ដូច្នេះយើងសូមបន្តបង្កើតស្នាដៃនេះហើយធ្វើឱ្យពិភពលោកចាប់អារម្មណ៍នឹងសមត្ថភាព។ គ្មានអ្វីអាចរារាំងអ្នកមិនឱ្យទៅមុខឡើយ។
ប្រមុខសហព័ន្ធកីឡាជនពិការអាស៊ាន បានថ្លែងបែបនេះ នៅក្នុងពិធីបើកការប្រកួតកីឡាជនពិការអាស៊ាន លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោក OSOTH BHAVILAI បានសម្ដែងការស្វាគមន៍ដ៏កក់ក្ដៅ និងចូលរួមអបអរសាទរ
និងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការជំរុញឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាជនពិការអាស៊ាន លើកទី១២។ បណ្តាប្រទេសអាស៊ានសូមគោរពចំពោះចក្ខុវិស័យវែងឆ្ងាយ និងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ក្នុងការលើកកម្ពស់បុព្វហេតុសហគមន៍ជនពិការ និងសន្តិភាពស្ថិរភាព តាមរយៈកីឡា ក្នុងនាមនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
លោកបានបន្តថាៈ យើងខ្ញុំសូមគោរពនូវការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ក្នុងការបន្តការពារបុព្វហេតុ និងសុខុមាលភាពរបស់កីឡាករ កីឡាការិនី មិនត្រឹមតែក្នុងវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងក្នុងជីវិតផងដែរ»។
លោកបានគូសបញ្ជាក់បន្ថែមថាៈ ស្របតាមប្រធានបទនៃកីឡា «រស់ក្នុងសន្តិភាព» យើងទន្ទឹងរង់ចាំការបន្តសន្តិភាព និងស្ថិរភាពមិនត្រឹមតែ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងតំបន់ ដើម្បីជួយជំរុញការប្រកួតកីឡាប៉ារ៉ាហ្គេម ឱ្យកាន់តែខ្ពស់បន្ថែមទៀត។ អាស៊ានប៉ារ៉ាហ្គេម ពិតជាពិសេស នៅក្នុងចិត្តរបស់យើងតាមវិធីជាច្រើន។ វាមិនត្រឹមតែលើកកម្ពស់ស្មារតី និងការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុត គឺមិត្តភាពការដាក់បញ្ចូលសមភាព និងការគោរព។
អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) បានផ្ដល់ឱកាសដល់សង្គមជនពិការ ក្នុងការបោះបង់ភាពអន់ថយ ការបាក់ទឹកចិត្តហើយខិតខំធ្វើការ ដើម្បីពង្រីកកម្ពស់ ឱ្យកាន់តែខ្ពស់ ក្នុងវិស័យកីឡា និងជីវិត។
លោក OSOTH BHAVILAI បានបន្ថែមថាៈ «កីឡាអាចលេងបាន តែក្នុងពេលមានសន្តិភាពហើយកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្តី ហ៊ុនសែន កំពុងទទួលបានផលល្អប្រសើរ ពីស្ថិរភាព។ យើងខ្ញុំសូមចូលរួមអបអរសាទរ និងជូនពរប្រទេសកម្ពុជាទទួលបាននូវភាពរីកចម្រើន និងជោគជ័យ ក្នុងការក្លាយជាប្រជាជាតិ ដ៏មានថាមពលប្រកបដោយគុណតម្លៃ។ ទន្ទឹមនឹងនោះ សូមចូលរួមអបអរសាទរ ចំពោះស្មារតីនៃកីឡាជនពិការអាស៊ាន ឆ្នាំ២០២៣ ដោះស្រាយឧបសគ្គ ឈ្នះឧបសគ្គ និងជំរុញជនពិការ ក្នុងវិស័យកីឡា» ៕/V-PC