ដោយ៖ដេប៉ូ/សៀមរាប៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលហៅកាត់ថា (ACCB) ស្ថិតនៅក្នុងបរិវេណរមណីយដ្ឋានក្បាលស្ពាន នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺជាមជ្ឈមណ្ឌលមួយ ដែលបានដើរតួនាទីសំខាន់ នៅក្នុងការចូលរួមការពារ និងការអភិរក្សសត្វព្រៃ ជាពិសេសសត្វព្រៃ ដែលកម្រ និងជិតផុតពូជ។
ក្នុងដំណើរទស្សនកិច្ច នៅមជ្ឈមណ្ឌលអង្គរអភិរក្សជីវៈចម្រុះ ស្ថិតក្នុងបរិវេណរមណីយដ្ឋានក្បាលស្ពាន នៃស្រុកបន្ទាយស្រីខេត្តសៀមរាប នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថាៈមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអង្គការដៃគូអភិរក្សនានា ដើម្បីការពារ និងអភិរក្សសត្វព្រៃកម្រៗ និងអនុវត្តកម្មវិធីបង្កាត់ពូជ។ មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ បានផ្តល់ជម្រកដល់សត្វព្រៃសរុបចំនួន ៩៦៥ ក្បាល ក្នុងចំណោមសត្វ៣០ ប្រភេទ ហើយ ៩៧% នៃសត្វទាំងនោះ គឺជាប្រភេទសត្វ ដែលរងការគំរាមកំហែង។
ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌលនេះ ក្នុងការផ្តល់ការថែរក្សាអភិរក្ស ការព្យាបាលថែទាំទៅដល់សត្វកម្រៗនានា ដែលបានមកពីការសង្គ្រោះពីការជួញដូរ និងរងរបួសដោយសារការដាក់អន្ទាក់ ការបរបាញ់ និងកត្តាផ្សេងៗទៀត។
ដោយឡែក កញ្ញា Christel Griffioen នាយិកាមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងថាៈ មជ្ឈមណ្ឌលនេះជាមជ្ឈមណ្ឌលអភិរក្ស ប្រភេទរបស់សួនសត្វអាល់វិតធឿស្សូម៉ឹនស្ទឿ ប្រទេសអាល្លឺម៉ង ត្រូវបានបង្កើតឡើងនៅកម្ពុជា ក្នុងឆ្នាំ២០០៣ ក្នុងគោលបំណង ដើម្បីការអភិរក្សបង្កាត់ពូជ, ការសង្គ្រោះ និងស្តារនីតិសម្បទា, ការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវ។
នាយិកាមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះរូបនេះ បានបញ្ជាក់បន្ថែមថាៈ កាលពីឆ្នាំ២០២២ កន្លងទៅ សត្វព្រៃដែលរងគ្រោះគំរាមកំហែង ចំនួន ៥៨ ក្បាល ត្រូវបានជួយសង្គ្រោះ, សត្វព្រៃដែលរងការគំរាមកំហែងចំនួន ៩៣ ក្បាល ត្រូវបានលែង, សត្វព្រៃចំនួន ១០ ក្បាល ត្រូវបានផ្ទេរទៅឱ្យអង្គការដៃគូ។ ជាមួយគ្នានេះ សត្វចំនួន ១៨៥ ក្បាលបានកើតនៅក្នុងកន្លែងអភិរក្សកម្មវិធីបង្កាត់ពូជ៕/V-PC