ដោយ: មុនីរ័ត្ន/ភ្នំពេញ : លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្សព្វផ្សាយពីគោលនយោបាយគណបក្សខ្មែររួបរួមជាតិ នៅមជ្ឈមណ្ឌលមង្គលឧត្តម ផ្លូវ ៣៧១ ភូមិក្បាលទំនប់ ២ សង្កាត់បឹងទំពុន ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ។
វេទិកាសាធារណៈនេះ មានការចូលរួមពីប្រជាពលរដ្ឋ និងកម្មករ កម្មការិនីយ៉ាងច្រើនកុះករ។
ក្នុងឱកាសនេះលោក ញឹក ប៊ុនឆៃមានប្រសាសន៍រម្លឹកពីការរីកចម្រើននៅសម័យសង្គមរាស្ត្រនិយម និងរបបខ្មែរក្រហមដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាងពីរលាននាក់។
លោកបានលើកឡើងថា “គេលាបពណ៌ខ្ញុំរហូតកន្លងមក ទោះបី ចោទប្រកាន់យ៉ាងណាក៏ដោយ ខ្ញុំធ្វើយ៉ាងណាឱ្យខ្មែររួបរួមគ្នា។គណបក្សខ្មែររួបរួមជាតិប្រកាន់គោលនយោបាយកណ្តាលអព្យាក្រឹត្យ។ ការួបរួមរវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម គឺប្តេជ្ញាចិត្តតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ហើយការរួបរួមនេះ គឺមិនបែកគ្នាទេ ដើរទៅមុខទៀត។ ខ្មែររួមសាមគ្គីខ្មែរខ្លាំង“។
លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា ដោះស្រាយបញ្ហាប្រឈមបាន ទាល់តែខ្មែររួបរួមគ្នាជាធ្លុងមួយដោះស្រាយ… រួមគ្នាបំបាត់អំពើពុករលួយ បញ្ហាដីធី …ល្មមដល់ពេលឈប់លាបពណ៌គ្នាហើយ“៕សរន-pc