ដោយៈយោធិន/មណ្ឌលគិរីៈ កងកម្លាំងជំនាញផ្នែកគ្រឿងផ្ទុះនៃមជ្ឈមណ្ឌល ជាតិរក្សាសន្តិភាពបានធ្វើសកម្មភាពកម្ទេចគ្រាប់មីន និងគ្រឿងផ្ទុះរួមមានៈយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ២០០គ្រាប់ និងអំបែងចំនួន ៥៦.៩៤៩ដុំ ដែលជាកាកសំណល់បន្សល់ទុកពីសង្គ្រាមក្នុងខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃទី៤ មិថុនា ឆ្នាំ២០២៣។
កងទ័ពមួកខៀវកម្ពុជា និងអាជ្ញាធរមីន រួមសហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំពិធីចុះសួរសុខទុក្ខ សំណេះ សំណាលប្រជាពលរដ្ឋ និងកងកម្លាំងកម្ទេចគ្រាប់មិនទាន់ផ្ទុះ នៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ទេសរដ្ឋមន្រ្តី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ បានថ្លែងថាៈកម្ពុជាធ្លាប់ជាប្រទេសមួយដែលរងគ្រោះជោគជាំដោយភ្លើងសង្រ្គាមអស់ ជាច្រើនទសវត្សរ៍។ បន្ទាប់ពីសង្រ្គាមត្រូវបញ្ចប់ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនបាននៅសេសសល់កប់ក្នុងដីដែលតែងតែបង្កហានិភ័យដល់អាយុជីវិតមនុស្សសត្វនិងទ្រព្យសម្បត្តិទូទាំងប្រទេស។
ប្រមុខកងយោធាមួកខៀវបានថ្លែងបន្តថា ដោយមានការសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរមីន ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងក្រោមការគាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្នុងការអនុវត្តគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបទ “ផ្តល់ដីមានសុវត្ថិភាពបង្កើតស្នាមញញឹម ” ជាហេតុនាំឱ្យប្រតិបត្តិការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
អនុប្រធានទី២អាជ្ញាធរមីន នាយឧត្តមសេនីយ៍សែមសុវណ្ណនី បញ្ជាក់បន្តថាៈប្រតិបត្តិការក្នុងខេត្តមណ្ឌលគិរីក្នុងការអនុវត្តនគម្រោង«ផ្តល់ដីមានសុវត្ថិភាពមានផ្ទៃដីសរុបចំនួន៩.១២១.៩៧៣ ម៉ែត្រក្រឡា ត្រូវបានបោសសំអាតបានផ្ទៃដីសរុប៨.១៧៩.៣៧៧ម៉ែត្រក្រឡា ស្មើនឹងប្រមាណ ៨០% នៃផ្ទៃដីសរុប។ ក្នុងនោះបានរកឃើញមីនប្រឆាំងមនុស្ស និងរថក្រោះចំនួន ៤៤គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទះចំនួន ១៦៩គ្រាប់ ព្រមទាំងអំបែងចំនួន ៥៦៩៤៩ដុំ។ ចំពោះផ្ទៃដីដែលបានបោសសំអាតរួចបានបែងចែកផ្តល់ដល់ប្រជាពលរដ្ឋចំនួន៦១៤គ្រួសារ។
លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានបញ្ជាក់ឲ្យដឹងថាៈ ខេត្តមណ្ឌលគិរី អាចនិយាយបានថា ជាខេត្តមួយដែលមិនសូវទទួលរងនូវការគម្រាម កំហែងពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ ដែលកន្លងមក មានការរងផលប៉ះពាល់តិចតួច ពីគ្រាប់បែកចង្កោមតែប៉ុណ្ណោះ ។
រតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិ និងជាប្រធានការដ្ឋានបោសសំអាតមីនខាងលើនេះ បានបញ្ជាក់ថា: យោងតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមីន ដែលបានកំណត់ថាកម្ពុជានឹងអស់មីននៅឆ្នាំ២០២៥ រួមទាំងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានជំរុញខ្លាំងលើការងារបោសសំអាតមីន ដែលបានបង្កើតជាមូលនិធិសម្រាប់បោសសម្អាតមីន ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមរយៈ ការដាក់ចេញនូវផែនការសកម្មភាពការងារនេះ។ កងកម្លាំង នៃមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចុះអនុវត្តការងារនៅតាមបណ្តារាជធានី ខេត្ត ទាំង២៥ ទូទាំងប្រទេស ក្នុងនោះក៏មានខេត្តមណ្ឌលគិរី ផងដែរ ៕សរ-pc