ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ ក្រោមប្រធានបទ “ការអភិវឌ្ឍគម្រោងសម្រាប់សន្តិសុខ ប្រកបដោយកិច្ចសហប្រតិបត្តិ ការ នៅប្រទេសសិង្ហបុរី នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថាៈ ក្នុងនាមជាប្រទេស សមាជិកអាស៊ាន កម្ពុជាចង់បានការផ្លាស់ប្តូរឥរិយាបថគូប្រជែងទាំងអស់ ពីការមិនឯកភាពគ្នា ទៅជាការរួមចំណែកគិតគូរ ដល់ប្រយោជន៍ទៅវិញទៅមក ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាពតំបន់ និងពិភពលោក។
សូមជម្រាបថា តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈឺបមែន អគ្គនាយក និងជា ប្រធានប្រតិបត្តិ នៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ (កិច្ចសន្ទនាសាំងហ្គីឡា) ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២៣ នឹងមានកិច្ចពិភាក្សា ក្នុងសម័យប្រជុំពេញអង្គ លើប្រធានបទសំខាន់ៗ រួមមានៈ បញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍន៍គំរូ សម្រាប់សន្តិសុខជាដើម។ កិច្ចប្រជុំកំពូល ក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យ ប្រជុំពិសេសផងដែរ រួមមានៈ សន្តិសុខនៃប្រព័ន្ធអិុនធឺណិត ការអភិវឌ្ឍសម្ថភាពយោធា ការធ្វើសមតុល្យភាព ក្នុងតំបន់ ។
ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ ប្រកបដោយអត្ថន័យខ្លឹមសារ នៅក្នុងសម័យប្រជុំពេញអង្គទី៧ ស្តីពី “ការអភិវឌ្ឍគំរូសម្រាប់ សន្តិសុខប្រកបដោយ កិច្ចសហប្រតិបត្តិការ ” ដោយផ្តោតលើទស្សនៈ លើបញ្ហាប្រឈមនានា ដែលអាចបង្កឡើង ដោយការអភិវឌ្ឍវិស័យយោធា យ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះ អាចដើរតួនាទី ក្នុងការរក្សាតុល្យភាព ស្ថិរភាពតំបន់។
អំឡុងពេលកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ ក៏មានកិច្ចប្រជុំរួមមួយ នៃរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ជាមួយរដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេស អាស៊ានមួយចំនួន។
ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើ សម្ដេចពិជ័យសេនា ក៏នឹងមានជំនួប ពិភាក្សាការងារ ទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសមួយចំនួន ដូចជា អូស្ត្រាលី សិង្ហបុរី និងសាធាណរដ្ឋប្រជាមានិតចិន ក៏ដូចជា ទទួលការចូលជួបសម្តែង ការគួរសម ពីសំណាក់ឥស្សរជនសំខាន់ៗ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ៕ V / N