ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ស្ពានបេតុងឆ្លងកាត់ដៃស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបើកសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការហើយ ដើម្បីជួយសម្រួលចរាចរណ៍ ឱ្យបងប្អូនប្រជាពលរដ្ឋ បានឆ្លងកាត់ និងដោះស្រាយបាន នូវការកកស្ទះចរាចរណ៍នៅតំបន់នេះ ។
ពិធីសម្ពោធស្ពានបេតុងខាងលើ បានធ្វើឡើងនារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាព សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ និងមានការចូរួមពីលោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទ រដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត។
ការស្ថាបនាស្ពានបេតុងឆ្លងកាត់ដៃស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោខាងលើ ធ្វើឡើង ក្រោយសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន មើលឃើញពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋ នៅពេលឆ្លងកាត់ស្ទឹងព្រែក ត្នោតម្តងៗ ។ ដើម្បីដោះស្រាយការលំបាកនេះ និងដើម្បីដោះស្រាយការកកស្ទះ ចរាចរណ៍ផងនោះ ទើបសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន សម្រេចផ្តល់ជាអំណោយ ក្នុងការកសាងស្ពាននេះឡើងតែម្តង។
គួរបញ្ជាក់ថា៖ ស្ពានបេតុងខាងលើនេះ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ៕ V / N