ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នេះ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត្យ មាលា ភរិយាមហាឧបាសកសាសនូបត្ថមក៍ ញាណ ឡេង និងលោក ប្រាក់ វ៉ុន អនុប្រធានក្រុមកាងារចុះជួយស្រុក និងជាប្រធានក្រុមកាងារចុះជួយឃុំ និងលោកឧត្តមសេនីយ៍ទោ ហាក់ ងួនឈាង ជំនួយការរបស់សម្តេចតេជោ ហ៊ុន សែន រួមនឹងបងប្អូនសប្បុរសជន បានចុះជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ និងអញ្ជើញកាត់ខ្សែបូរ ដាក់ឱ្យដំណើរការ នៅសាលាមតត្តេយ្យសហគមន៍ និងសាលាបុណ្យ ស្ថិតក្នុងភូមិវាលល្វាង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

លោក កង រុន មេឃុំច្រេស បានឱ្យដឹងថាៈ ​សាលាមតេ្តយ្យសហគមន៍ ចាប់ផ្តើមកសាង ឡើង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ និងត្រូវបានបញ្ចប់ការកសាង នៅក្នុងឆ្នាំ២០២៣ ដែលមានទំហំដី ៧០០,៧០ ម៉ែត្រការ៉េ និងរបងព័ទ្ធជុំវិញ មានអាគារមួយខ្នង ៥ម៉ែត្រ គុណនឹង ៥ម៉ែត្រ កសាងពីស៊ីម៉ង់ត៍ ប្រក់ស័ង្កសី និងបានចំណាយថវិកា អស់ ៨.៩០០ ដុល្លារអាមេរិក និងមានប្អូនៗកុមារតូចៗ ចូលរៀនចំនួន ៣៥ នាក់ ក្នុងនោះ មានសាលាបុណ្យមួយខ្នង ដែលត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ ថ្ងៃតែមួយផងដែរ។

ក្នុងឱកាសនោះដែរ ក្រុមការងារ បានឱ្យដឹងថា ផ្លូវមួយខ្សែ ក្នុងភូមិវាលល្វាង នៅពេលខាងមុខនេះ នឹងធ្វើការពង្រីចាក់បេតុង ដាក់លូរំដោះទឹក និងមានទឹកស្អាត ប្រើប្រាស់ រួមនឹងអគ្គិសនី ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។

នៅបញ្ចប់ពិធីមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ ទិត្យ មាលា និងក្រុមការងារ បានចែកជូនគ្រឿងសម្ភារៈសិក្សាដល់ប្អូនៗ កុមារតូចៗ ក្នុងមតេ្តយ្យសហគមន៍ ចំនួន ៣៥ នាក់ ដោយក្នុងម្នាក់ៗ ទទួលបានកាតាបដាក់សៀវភៅមួយ សៀវភៅ ក្តារឈ្នួនមួយ ហ្វឺត ប៊ិច ខ្មៅដៃ រួមនឹងថវិកាមួយចំនួន ថវិកា ៥.០០០ រៀល ឧបត្ថមសាលាឃុំ មណ្ឌលសុខភាព លោកគ្រូអ្នកគ្រូ តាអាចារ្យ​ក្នុងសាលាបុណ្យ ព្រះសង្ឃ និងបានចែកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមមួយចំនួនផងដែរ ៕ V / N