ដោយៈ វ៉ៃកូ / ស្វាយរៀងៈ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣  លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងបាវិត បានជួបសំណេះសំណាល សួរសុខទុក្ខជាមួយមេគ្រួសារបក្ស ចំនួន ១.៥៤៦ នាក់ នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ លោក លី ធុជ បានពាំនាំមកនូវសេចក្តីនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តស្វាយរៀង ជូនចំពោះសមាជិក សមាជិកា គណបក្សទាំងអស់ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

លោក លី ធុជ បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សធំជាងគេ ដែលបានរំដោះប្រទេសជាតិ​ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបាន កសាង និងសម្រេចបាននូវសមិទ្ធផល ជាប្រវត្តិសាស្រ្តយ៉ាងច្រើន សម្រាប់បុព្វហេតុជាតិ និងផលប្រយោជន៍ របស់ប្រជាជនកម្ពុជា ដែលយើងទាំងអស់គ្នាត្រូវដឹងគុណ និងត្រូវបន្តនាំគ្នាការពារសមិទ្ធផលទាំងនេះ ឲ្យស្ថិតនៅគង់វង្ស សម្រាប់កូនចៅរបស់ យើងជំនាន់ក្រោយៗទៀត។​ សមិទ្ធផលសម្រេចបានរបស់គណបក្សប្រជាជនកម្ពុជា​ គឺជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។

លោកបានបន្តទៀតថារយៈពេលជាង ៤០ ឆ្នាំនេះ ការដឹកនាំប្រទេសកម្ពុជា គឺមិនអាចខ្វះបានទេ ពីការលះបង់របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ពីព្រោះ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូល និងជាប្រវត្តិសាស្រ្ត ក្នុងការផ្សះផ្សារ និងបង្រួបបង្រួមប្រទេសជាតិ ឲ្យរួបរួមគ្នាតែមួយក្រោមដំបូលសន្តិភាពរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងអស់ ត្រូវសម្រេចចិត្ត ក្នុងការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើន។

សូមបញ្ជាក់ថា: ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តិទៅទីស្នាក់ការបក្ស សង្កាត់ព្រៃអង្គុញ និងមានការចូលរួមពីអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត សមាជិកបក្សខេត្ត ក្រុង សង្កាត់ និងសាខាបក្សភូមិ ក្នុងសង្កាត់ព្រៃអង្គុញ៕ V / N