ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ កងកម្លាំងរុស្ស៊ីបានធ្វើអោយបរាជ័យការវាយលុកធំមួយរបស់កងកម្លាំងអ៊ុយក្រែននៅតំបន់ដូណិតសខ៍ភាគខាងត្បូងអ៊ុយក្រែន និងបានសម្លាប់ទាហានគាំទ្ររដ្ឋាភិបាលទីក្រុងគៀវរាប់រយនាក់ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថាអ៊ុយក្រែនបានធ្វើការវាយប្រហារកាលពីថ្ងៃអាទិត្យដោយប្រើកម្លាំងស៊ីឈ្នួលប្រាំមួយកងពលនិងកងទ័ពរថក្រោះពីរកងពល។«នៅព្រឹកថ្ងៃ៤មិថុនាសត្រូវបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយនៅប្រាំផ្នែកនៃរណសិរ្សទិសដូណិតសខ៍ខាងត្បូង។គោលដៅរបស់សត្រូវគឺទម្លុះខ្សែការពាររបស់យើង តែពួកវាមិនអាចសំរេចបំណងបានទេ វាមិនបានសំរេចជោគជ័យទេ»។
ក្រសួងក៏បានបញ្ចេញវីដេអូបង្ហាញអ្វីដែលខ្លួនបាននិយាយថា រថក្រោះ រថពាសដែកអ៊ុយក្រែនជាច្រើនត្រូវកំទេចដោយត្រូវគ្រាប់របស់រុស្ស៊ី។កងកម្លាំងរុស្ស៊ីបានសម្លាប់ទាហានអ៊ុយក្រែន២៥០នាក់ ព្រមទាំងកំទេចរថក្រោះចំនួន១៦គ្រឿង រថពាសដែកនិងយានយន្តប្រយុទ្ធ២១គ្រឿង។
រ៉ុក្កែតរុស្ស៊ីបាញ់ចេញពីតំបន់បែលហ្គោរ៉ូតចូលអ៊ុយក្រែន
សូមបញ្ជាក់ថា នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះអ៊ុយក្រែនបានព្យាយាមធ្វើអោយបណ្តាទីតាំងរុស្ស៊ីចុះខ្សោយមុនបើកការវាយបកទ្រង់ទ្រាយធំ។កាលពីចុងខែមុនមន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា ប្រតិបត្តិការជំហានដំបូងៗដូចជាបំផ្លាញផ្លូវផ្គត់ផ្គង់ ឬកំទេចឃ្លាំងបានចាប់ផ្តើមរួចហើយ។
កាលពីដើមថ្ងៃចន្ទនៅតំបន់បែលហ្គោរ៉ូតរបស់រុស្ស៊ី ការវាយប្រហារដោយដ្រូនអ៊ុយក្រែនមួយបានបង្កអគ្គិភ័យនៅទីតាំងថាមពលមួយ។
រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានស្ទាក់កំទេចដ្រូនចំនួន៩គ្រឿងលើឧបទ្វីបគ្រីម៉េនិងមួយគ្រឿងទៀតលើទីប្រជុំជន ស៊ូតហ្សានៅតំបន់ឃឺសខ៍ភាគខាងត្បូង ក្នុងការវាយប្រហារចូលក្នុងទឹកដីរុស្ស៊ីឬ តំបន់កាន់កាប់ដោយរុស្ស៊ីស្ទើររាល់ថ្ងៃ។
កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលទីក្រងគៀវបានសុំអោយប្រជាជននៅស្ងៀមស្ងាត់មុនកងកម្លាំងអ៊ុយក្រែនធ្វើការវាយបកដ៏ធំដែលគេទន្ទឹងរង់ចាំជាយូរមកហើយដើម្បីចាប់យកទឹកដីពីរុស្ស៊ីមកវិញ។ក្នុងកិច្ចសម្ភាសន៍មួយ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី បាននិយាយថា រដ្ឋាភិបាលទីក្រុងគៀវត្រៀមចាត់ការ។«យើងមានជំនឿថា យើងនឹងទទួលជោគជ័យ»៕
ហ្សេឡេនស្គី បាននិយាយថាអ៊ុយក្រែនត្រៀមធ្វើការវាយបកដើម្បីចាប់យកទឹកដីដែលរុស្ស៊ីវាយកាន់កាប់មកវិញ