ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថាៈ ការសម្រេចចិត្តរបស់សម្តេច គឺនៅតែត្រឹមត្រូវ ដែលបានឲ្យវិស័យឯកជន ចូលរួមអភិវឌ្ឍន៍ធន ធានមនុស្ស និងសាលារដ្ឋ អាចបង្រៀន ដោយបង់ថ្លៃ។

សម្តេចថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូននិស្សិតសាក លវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ច សរុបជិត ៦ ពាន់នាក់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ “ការសម្រេចចិត្តត្រូវទី១.គឺផ្ដល់ឱ្យ វិស័យឯកជន ចូលរួមវិនិយោគ លើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស។ ការសម្រេចចិត្តត្រូវទី២. គឺការបើកឱកាសឱ្យសាលារដ្ឋ អាចបណ្ដុះបណ្ដាលនិស្សិត ដោយបង់ថ្លៃ “។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាៈ យើងបានយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍ ធនធានមនុស្ស ជាអាទិភាពដើម្បីកសាងប្រទេសរបស់យើង ដូចដែលសម្តេចធ្លាប់បាន បញ្ជាក់ថា គឺការចាប់ផ្ដើមរបស់យើង ពីអ្នកចេះតិច បង្រៀនអ្នកមិនចេះ អ្នកចេះច្រើន បង្រៀនអ្នកចេះតិច ។ ប៉ុន្តែជាបណ្ដើរៗ ចលនាជាតិរបស់យើង បានជំរុញអំពីតម្រូវការ នៃការអភិវឌ្ឍធនធានមនុស្ស មកដល់ចំណុចមួយដែលយើង គួរមានមោទនភាព។ បើទោះបីមានតម្រូវការនៅច្រើននៅឡើយ ។ ប៉ុន្តែយើងបានដើរចេញឆ្ងាយពីចំណុច ដែលយើងបានចេញដំណើរក្រោយរំដោះ ១៩៧៩ ការខិតខំប្រឹងប្រែងរួមគ្នា។

សម្តេចតេជោ បានបន្តថាៈ យើងបានស្រុះស្រួលគ្នា វិនិយោគទៅលើ ការបណ្ដុះបណ្ដាល ធនធានមនុស្ស ។ មិនមែនត្រឹមតែរដ្ឋទេ ដែលបានវិនិយោគ ទៅលើការវិនិយោគធនធាននោះ។ ក្រុមគ្រួសារនីមួយៗ បានខិតខំវិនិយោគ ទៅលើការសិក្សារបស់កូន នេះជាការរួមចំណែកធំណាស់ ដែលនេះគឺជាចលនាជាតិ របស់យើង ទាំងរដ្ឋ ទាំងផ្នែកឯកជន ទៅជាមួយគ្នា៕/V/R