​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អភិបាល​តំបន់​ទីក្រុង​បែ​ល​ហ្គោ​រ៉ូត (Belgorod) របស់​រុស្ស៊ី​នៅតាម​ព្រំដែន​ជាមួយ​អ៊ុ​យក្រែន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ការប្រយុទ្ធ​គ្នា​កំពុង​បន្ត​​នៅ​ខាង​ព្រំដែន​របស់​លោក ហើយ​បាន​ទទួលស្គាល់ថា កងកម្លាំង​លម្អៀង​ខាង​អ៊ុយ​ក្រែន​បានចា​ប់ជនជាតិ​រុស្ស៊ី​ធ្វើ​ឈ្លើយសឹ​កក្នុងអំឡុង​ការប៉ះទង្គិច​គ្នា​ឆ្លង​ព្រំដែន​។​

​លោក​អភិបាល វីយ៉ា​ឆេ​ស្លាវ គ្លែ​ដ​កូវ (Vyacheslav Gladkov) បាន​និយាយថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ការចរចា​ដើម្បី​យក “​មនុស្ស​របស់​យើង​មកវិញ​”​ពី​ក្រុម​អ្នក​ប្រយុទ្ធ​ដែល​​និយាយថា​ពួកគេ​បាន​ចាប់​ទាហាន​រុស្ស៊ី​ធ្វើ​ឈ្លើយ​សឹក​នៅ​ក្នុង​តំបន់​ទីក្រុង​បែ​ល​ហ្គោ​រ៉ូត​។​

​វា​ជា​លើកទីមួយ​ហើយ​ដែល​មន្ត្រី​រុស្ស៊ី​សារភាព​ចំពោះ​ការចាប់​ឈ្លើយសឹក​នៅលើ​ទឹកដី​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ដោយ​កងកម្លាំង​លម្អៀង​ខាង​អ៊ុយ​ក្រែន​ក្នុងអំឡុងជម្លោះ​ជាង ១៥ ខែ​មកនេះ​។​

​ក្រុម​ដែល​គាំទ្រ​ខាង​រដ្ឋាភិបាល​ក្រុង​គៀវ ដែល​រួមមាន​ជនជាតិ​រុស្ស៊ី កង​ទាហាន​ស្ម័គ្រចិត្ត​រុស្ស៊ី និង​កងជីវពល​រំដោះ​រុស្ស៊ី​បាន​អំពាវនាវ​ឱ្យ​អភិបាលក្រុង​បែ​ល​ហ្គោ​រ៉ូតមក​ជួប​អ្នក​ប្រយុទ្ធ​ដោយផ្ទាល់​ហើយ​​យក​ឈ្លើយសឹក​ទៅវិញ​។​

​លោក​គ្លែ​ដ​កូវ​បាន​និយាយថា “​រឿង​តែ​មួយគត់​ដែល​រារាំង​ខ្ញុំ​មិន​ឱ្យ​ចរចា​ជាមួយ​ពួកគេ​គឺ​មនុស្ស​របស់​យើង​ដែល​នៅក្នុង​ដៃ​របស់​ពួកគេ​ប្រហែល​ជា​ស្លាប់​អស់ហើយ​”​។​

​លោក​បាន​និយាយថា ការប្រយុទ្ធ​គ្នា​កំពុង​បន្ត​នៅ​ភូមិ​ព្រំដែន ណូវ៉ា​យ៉ា តា​វ៉ុល​ហ្សាន​កា (Novaya Tavolzhanka)​។​

​អ៊ុយ​ក្រែន​បាន​បាញ់​ផ្លោង​យ៉ាងខ្លាំង​ទៅលើ​តំបន់​លំនៅឋាន​របស់​រុស្ស៊ី​នៅតាម​ព្រំដែន​ក្នុង​សប្តាហ៍​នេះ ដោយ​បង្ខំ​ឱ្យ​មនុស្ស​រាប់ពាន់​នាក់​ភៀសខ្លួន​ទៅ​កាន់​កណ្តាល​ក្រុង​បែ​ល​ហ្គោ​រ៉ូដ​។​

​លោក​គ្លែ​ដ​កូវ​បាន​និយាយថា “​ក្រុម​វិទ្ធង្សនា​បាន​ចូល​មក ហើយ​មាន​ការប្រយុទ្ធ​នៅ​ភូមិ​ណូវ៉ា​យ៉ា តា​វ៉ុល​ហ្សាន​កា​។ ខ្ញុំ​សង្ឃឹមថា​ពួកគេ​ទាំងអស់​នឹង​ត្រូវកម្ទេច​ចោល​”៕

​សព​កុមារី​អាយុ​២​ឆ្នាំ​ត្រូវបាន​ទាញ​ចេញពី​គំនរ​បាក់បែក​ក្នុង​ក្រុង​ឌី​នី​ប្រូ​ប្រទេ​សអ៊ុយ​ក្រែន ក្រោយ​រង​ការវាយប្រហារ​តាម​អាកាស​ពី​សំណាក់​រុស្ស៊ី