ដោយៈ សុក្ខារិន / ពោធិ៍សាត់: នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល សិរីមង្គល បុរៅភូស៊ីណូ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សាខាសាកលវិទ្យាល័យអង្គរខេមរា ខេត្តពោធិ៍សាត់ ចំនួន២៧៥នាក់ ដែលក្នុងឱកាសនោះ ក៍មានវត្តមានលោក ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ផងដែរ។

លោកបណ្ឌិត នូ ចាន់សុភី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអង្គរខេមរា បានរាយការណ៍ថាៈ សាកលវិទ្យាល័យអង្គរខេមរា ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៨ ទទួលស្គាល់ដោយរាជរដ្ឋាភិបាល ដែលមានទីតាំងគោលនៅខេត្តកំពត និងមានសាខា នៅខេត្តពោធិ៍សាត់ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ មកដល់ពេលនេះ សាកលវិទ្យាល័យ អង្គរខេមរា បានបណ្ដុះបណ្ដាលធនធានមនុស្ស បានចំនួន១៥ ជំនាន់រួចមកហើយ បានប្រឡងបញ្ចប់ការសិក្សា និស្សិតបានចំនួន ៨.៩១៩ នាក់។

ដោយឡែក សាកលវិទ្យាល័យអង្គរខេមរា ខេត្តពោធិ៍សាត់ បច្ចុប្បន្ន មាននិស្សិត កំពុងសិក្សា ចំនួន ៥៨៩នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រចំនួន ៥០៦នាក់ ថ្នាក់បរិញ្ញាបត្ររង ៨៣នាក់ មានសាស្ត្រាចារ្យ ៥០នាក់ និងបុគ្គលិកចំនួន ១២នាក់។ រហូតមកដល់ពេលនេះ បានប្រឡងបញ្ចប់ការសិក្សា សរុបចំនួន ១.២៦១ នាក់ ក្នុងនោះ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១០នាក់ ថ្នាក់បរិញ្ញាបត្រចំនួន ១.១៦៥នាក់ និងថ្នាក់បរិញ្ញាបត្ររងចំនួន ៨៦នាក់។

លោក ស៊ុយ សែម បានមានប្រសាសន៍ថាៈ កាបង្កើតសាកលវិទ្យាល័យអង្គរខេមរា នៅទីនេះ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ ជាតិ កាត់បន្ថយភាពក្រីក្រ និងបង្កើនសក្ដានុពលធនធានមនុស្ស តាមរយៈការរំកិល គ្រឹះស្ថានឧត្តមសិក្សា ដល់ជិតអ្នកសិក្សា រួមមានសិស្ស និស្សិត មន្ត្រីរាជការ បុគ្គលិក តាមបណ្ដាក្រុមហ៊ុន និងអង្គភាពនានា នៅតាមខេត្ត ឲ្យទទួលបានចំណេះដឹង និងជំនាញកម្រិតបណ្ឌិតសភា សម្រាប់យកទៅបម្រើការងារ ជួយសង្គមជាតិ និងកសាង ជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើង ក្នុងបរិបទសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។

លោកបានមានប្រសាសន៍ថាៈ សាកលវិទ្យាល័យនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ស្របទៅតាមគោលការណ៍អាទិភាព របស់រាជរដ្ឋាភិបាល ដែលបានកំណត់វិស័យទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ជាកត្តាចម្បង ក្នុងការអភិវឌ្ឍប្រទេសជាតិ ប្រើចំណេះដឹងខួរក្បាល ដូចប្រទេសសាំង ហ្គាពួរ ធ្វើឲ្យប្រទេសជាតិ រីកចម្រើនខ្លាំងបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក ស៊ុយ សែម បានបន្តទៀតថាៈ ប្រទេសជាតិ ពឹងផ្អែកលើយុវជនជាអ្នកបន្តវេន ដូច្នេះសូមក្មួយៗ ខិតខំរៀនសូត្រឲ្យមានចំណេះដឹង និងចំណេះធ្វើ ដើម្បីអនាគតខ្លួនឯង ដើម្បីឪពុកម្ដាយ និងដើម្បីប្រទេសជាតិ កុំរៀនយកតែសញ្ញាបត្រ ប៉ុន្តែធ្វើការមិនកើត មិនល្អនោះទេ។ អ្វីៗដែលកើតមានឡើង សព្វថ្ងៃនេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាព ដូច្នេះយើងត្រូវថែរក្សសន្តិភាព ឲ្យនៅគង់វង្សជានិច្ច។

ក្នុងឱកាសនោះ លោក ស៊ុយ សែម និងលោក ខូយ រីដា​ បានប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីទាំង ២៧៥នាក់ និងបានជូនថវិកាក្នុងម្នាក់ ៥ម៉ឺនរៀល ៕/V/R