ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យអ្នកលេងបណ្តាញសង្គមទាំងអស់ បញ្ឈប់ការផ្សព្ធផ្សាយចម្រៀង “មរណភាពស្វាមីព្រះបាទជ័យវរ្ម័នទី៧” ដែលច្រៀងដោយ អ្នកចម្រៀង មាស សុខសោភា។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលលេងបណ្ដាញ សង្គមបញ្ឈប់ការ Share និង Comment និងលុបចោលនូវចម្រៀងដែលច្រៀង ដោយអ្នកចម្រៀង មាស សុខសោភា ក្រុមចំណងជើងថា “មរណភាពស្វាមីព្រះបាទ ជ័យវរ្ម័នទី ៧” សូមបញ្ចប់ទៅ ។

សម្ដេចតេជោ បានអរគុណអ្នកចម្រៀង មាស សុខសោភា ដែលបានសុំទោស និងលុបចោលនូវបទចម្រៀងនេះ ចេញពីក្នុង facebook របស់ខ្លួន។

សម្ដេចបានបន្តថាៈ​ វាជារឿងប្រវត្តិសាស្ត្រ យើងមិនគួរធ្វើឲ្យមានការប៉ះពាល់ ទៅ ដល់ប្រវត្តិសាស្ត្រ ដែលយើងមិនដឹងច្បាស់លាស់ អំពីប្រវត្តិសាស្ត្រនោះទេ។

បើតាមសម្ដេច ចម្រៀង មាស សុខសោភា នេះ ធ្វើតាមតាបសមួយ នៅខេត្តព្រះ វិហារ ដែលសម្ដេច បានស្នើឲ្យមានការស៊ើបអង្កេតមើល តើមានបំណងបែបណា ក្នុងការតែងបទចម្រៀង បែបនេះ៕/V/R