ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រេងឆៅបានហក់ឡើងជាង២ដុល្លារក្នុងមួយធុង(បារ៉ែល)ក្នុងជំនួញកាលពីព្រឹកថ្ងៃចន្ទនៅអាស៊ីនៅពេលតែប៉ុន្មានម៉ោងក្រោយប្រទេសនាំចេញប្រេងកំពូលលើលោកគឺអារ៉ាប៊ីសាអូឌីត បានសំរេចកាត់បន្ថយការផលិតប្រេងមួយលានធុងក្នុងមួយថ្ងៃចាប់ពីខែកក្កដាទៅ។
ប្រេងម៉ាកBrentបានឡើង២,២៩ដុល្លារដល់តំលៃ៧៨,៤២ដុល្លារក្នុងមួយធុងនៅពេលប្រេងឆៅWTIនៅផ្សារអាម៉េរិកឡើងដល់៧៤,០១ដុល្លារ ដោយកើនឡើង២,២៧ដុល្លារ។
ទិន្នផលប្រេងអារ៉ាប៊ីសាអូឌីត នឹងធ្លាក់មកនៅត្រឹម៩លានធុងក្នុងមួយថ្ងៃ ដោយចុះពីបរិមាណផលិតប្រមាណ១០លានធុងក្នុងមួយថ្ងៃកាលពីខែឧសភា។វាជាបរិមាណកាត់បន្ថយធំបំផុត ធៀបនឹងការកាត់បន្ថយនៅប៉ុន្មានឆ្នាំមកនេះ។
ការកាត់បន្ថយបរិមាណប្រេងផលិតចេញនេះស្ថិតក្នុងកិច្ចព្រមព្រៀងមួយរបស់អង្គការប្រទេសនាំចេញប្រេងនិងសម្ពន្ធមិត្តរួមមានរុស្ស៊ីហៅកាត់ថា OPEC+ដើម្បីកំហិតការផ្គត់ផ្គង់រហូតដល់ឆ្នាំ២០២៤នៅពេលក្រុមនេះស្វះស្វែងទ្រោលថ្លៃប្រេង។
ក្រុមOPEC+តំណាងអោយការផលិតប្រេងឆៅប្រមាណ៤០ភាគរយនៅក្នុងលោក និងបានកាត់បន្ថយបរិមាណប្រេងផលិតចេញ៣,៦៦លានធុងក្នុងមួយថ្ងៃ(បូករួមទាំងការកាត់លើកនេះ)ស្មើនឹង៣,៦ភាគរយនៃតំរូវការប្រេងរបស់ពិភពលោក៕