ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ទីបំផុត កីឡាការិនីជឺជីតស៊ូ (JI-Jitsu) ខាន់ ជេសា (Khan Jessa) មានដើមកំណើតខ្មែរ បានដណ្តើមបានមេដាយមាស កម្រិតខ្សែ ក្រវាត់ខ្មៅ ពេលជួបប្រកួតផ្ដាច់ព្រ័ត្រ ជាមួយកីឡាការិនី Thamires Aquino ។
ការប្រកួតដែលធ្វើនៅថ្ងៃទី៥ ខែមិថុនា នេះ សម្រាប់កម្រិតខ្សែក្រវាត់ខ្មៅ ជេសា ដណ្ដើមបានមេដាយមាស ដូចបំណង។ កីឡាការិនី ដែលមានដើមកំណើតខ្មែររូបនេះ ទើបតែទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលដណ្តើមបានឈ្នះមេដាយមាស និងមេដាយប្រាក់។
កីឡាការិនីខាន់ ជេសា(KHAN JESSA) ដែលទទួលបានមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលការប្រកួតកំរិត «Light Feather Weight Black Belt World Champion» ត្រូវបាននាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជារង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្ញើសារអបអរ នៅថ្ងៃនេះដែរ។
សូមបញ្ជាក់ថា នាងជាកូនកាត់ ៣ សាសន៍ ដែលមានឪពុក ជាជនជាតិខ្មែរ និងម្ដាយ ជាជនជាតិម៉ិកស៊ិក កូនកាត់អាមេរិក។ តែបេះដូងនាង ជាខ្មែរ ។ នាងនិយាយថាៈ «នៅពេលដែលនាង ប្រកួតប្រជាជាតិទាំងមូល នឹងនៅជាមួយនាងជានិច្ច»។
ខាន់ ចេសា កើតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០១ នៅរដ្ឋតិចសាស់ នាងបានសិក្សា ផ្នែកកីឡាជាច្រើន ដោយបានហាត់លើប្រភេទកីឡាការ៉ាតេដូ របាំបាឡេ កីឡាបាល់ទាត់ និងបានហាត់រៀនកីឡា ជឺជីតស៊ូ នៅអាយុ ១២ ឆ្នាំ រហូតដល់បច្ចុប្បន្ន៕/V