ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសំដែងអំពីការព្រួយបារម្ភជាថ្មីទៀតចំពោះស្ថានភាពវិវឌ្ឍន៍នៃសង្រ្គាមស៊ីវិលកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ សម្តេចតេជោសង្កាត់ធ្ងន់ថាឥឡូវមីយ៉ាន់ម៉ាបានរំកិលបន្តិចម្ដងៗឆ្ពោះទៅកាន់សង្គ្រាមស៊ីវិលកាន់តែធំ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា«បញ្ហានៅមីយ៉ាន់ម៉ាសភាពការណ៍វាខុសពីពេលមុនហើយ ពេលមុននៅក្នុងកុងសង់ស៊ីសប្រាំចំណុចគ្រាន់តែនិយាយអំពីបញ្ហា ទប់ស្កាត់ហិង្សា បង្កើតនៃការសន្ទនា ផ្ដល់ជំនួញមនុស្សធម៌ និងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចា ។ ប៉ុន្តែឥឡូវមីយ៉ាន់ម៉ាបានរំកិលបន្តិចម្ដងៗឆ្ពោះទៅ កាន់សង្គ្រាមស៊ីវិលកាន់តែធំ »។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថានៅក្នុងកិច្ចប្រជុំអាស៊ានកន្លងទៅសម្តេចក៏បានលើកឡើងទៅកាន់បណ្តាមេដឹកនាំអាស៊ានថាយើងគួរធ្វើបច្ចុប្បន្នភាពលើនូវបញ្ហា នេះដែលមុននេះយើងនិយាយបញ្ហាទាក់ទងនឹងទប់ស្កាត់ហិង្សា បង្កើតនៃការសន្ទនា ផ្ដល់ជំនួញមនុស្សធម៌ និងរកដំណោះស្រាយដោយសន្តិវិធី ។ ប៉ុន្តែឥឡូវនេះទីកន្លែង មួយចំនួនវ៉ៃប្រហារកាន់តែច្រើនក្នុងពេលដែលរដ្ឋបាលកណ្ដាលកំពុងតែជាប់ដៃប្រយុទ្ធឈ្លោះគ្នាឯង,រដ្ឋតូចៗកំពុងតែពង្រឹងខ្លួនអាចនឹងឈានទៅដល់ការប្រកាសហេតុ នេះជាចំណុចដែលសម្តេចកំពុងតែសង្កេតមើលពីចម្ងាយទៅលើស្ថានការណ៍នៅមីយ៉ាន់ម៉ា ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា សង្គ្រាមនោះវានឹងអូសបន្លាយរយៈពេលវែង ហើយមីយ៉ាន់ម៉ាគឺជារឿងស្មុគស្មាញដូចនឹងអ្វីដែលកម្ពុជាធ្លាប់បានជួបប្រទះ ។ ប៉ុន្តែភ័ព្វ សំណាងរបស់កម្ពុជាគឺបានដកខ្លួនចេញពីសង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ។ ជាមួយនេះសម្តេចតេជោបានបញ្ជាក់ថា នយោបាយឈ្នះឈ្នះនៅកម្ពុជាមិនប្រាកដថា អាចអនុវត្តបាននូវមីយ៉ាន់ម៉ាទេ ។ ដូច្នេះសង្ឃឹមថាសម្រាប់យើងនិយាយទៅដល់បញ្ហានេះយើងមានមោទនភាពហើយយើងដើររួមគ្នាដើម្បីឆ្ពោះទៅកាន់គោលដៅដែល យើងចង់ទៅហើយដែលមានកំណត់ទិសដៅរួចមកហើយ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត៦ពាន់ នាក់ ៕