ប្រែសម្រួលៈបំណង(VNExpress)៖ បេក្ខជននាយករដ្ឋមន្ត្រីថៃលោកភិតា លីមចារឺនរ៉ាត បានចូលរួមក្នុងក្បួនដង្ហែក្រុមមនុស្សភេទទីបីនៅក្នុងទីក្រុងបាងកកកាលពីថ្ងៃអាទិត្យដោយលោកបានសន្យាថានឹងជំរុញអនុម័តច្បាប់មួយដែលនឹងអនុញ្ញាតអោយមានអាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នា និងសិទ្ធិកំណត់អត្តសញ្ញាណភេទ បើសិនជាលោកក្លាយជានាយករដ្ឋមន្ត្រីថៃបន្ទាប់។
មនុស្សស្រឡាញ់ភេទផ្ទុយគ្នានិងដូចគ្នារាប់ពាន់នាក់ បានដើរដង្ហែដើម្បីប្រារព្វទិវាក្រុមមនុស្សភេទទីបីហៅថាLGBTQ Prideនិងជំរុញសមភាពជេនឌ័រ ក្នុងការដង្ហែក្បួនផ្លូវការលើកទីពីររបស់ក្រុមមនុស្សភេទទីបីនៅក្នុងប្រទេសថៃ។ពួកគេបានគ្រវីទង់ពណ៌ឥន្ទធនូ ដោយអ្នកចូលរួមម្នាក់កាន់បដាសរសេរថា« សរីភាពក្នុងការជ្រើសរើសជេនឌ័រ(ភេទ)»និងបដាមួយទៀតបានសរសេរថា«ស្នេហាជាសេចក្តីស្រឡាញ់» ។
អភិបាលក្រុងបាងកកបាននិយាយថា មនុស្សជាង៥០.០០០នាក់បានចូលរួមក្នុងការដង្ហែក្បួនPrideនៅឆ្នាំនេះ គឺច្រើនជាងឆ្នាំមុនជាងពីរដង។
មានឥស្សរជននយោបាយជាច្រើនបានចូលរួម រួមមានមេដឹកនាំបក្សកាវក្លៃ(MFP)លោក ភិតា លីមចារឺនរ៉ាត ដែលកំពុងដឹកនាំក្រុមចម្រុះប្រាំបីគណបក្សមួយក្រោយគណបក្សលោកទទួលបានសម្លេងឆ្នោតច្រើនជាងគេក្នុងការបោះឆ្នោតកាលពីថ្ងៃ១៤ឧសភា។
លោកបាននិយាយក្នុងចំណោមហ្វូងមនុស្សថា «នៅពេលបង្កើតរដ្ឋាភិបាលបានហើយ យើងនឹងគាំទ្រច្បាប់សមភាពអាពាហ៍ពិពាហ៍ ច្បាប់អត្តសញ្ញាណជេនឌ័រ និងច្បាប់ដទៃទៀត រួមទាំងសុខុមាលភាពសង្គម។មានរឿងបីបួនដែលនឹងធ្វើអោយការអបអរចម្រុះភាពក្នុងបុណ្យPride Monthនាឆ្នាំនេះ ក្លាយជាមោទនភាពរៀងរហូត»។
សូមបញ្ជាក់ថា ក្រុមចំរុះរបស់លោកភិតា បានធ្វើការសន្យារួមគ្នាថានឹងជំរុញអនុម័តច្បាប់មួយចំនួន រួមមានច្បាប់សមភាពអាពាហ៍ពិពាហ៍ ដើម្បីធានាសិទ្ធិស្មើភាពគ្នានៃគូស្នេហ៍ទាំងអស់ដោយមិនគិតពីភេទ។
ថៃជាសង្គមមួយនៅអាស៊ីដែលបើកចំហបំផុតចំពោះសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នា មនុស្សស្រឡាញ់ទាំងពីរភេទ ខ្ទើយនិងក្រុមមនុស្សកែភេទ តែសកម្មជននយោបាយជាច្រើននិយាយថា ច្បាប់និងស្ថាប័នប្រពៃណីថៃនៅមិនទាន់ទទួលយកឥរិយាបទផ្លាស់ប្តូរសង្គមបែបនេះនៅឡើយទេ ហើយពួកគេនៅតែរើសអើងចំពោះក្រុមមនុស្សខាងលើ៕
មេដឹកនាំបក្សឈ្នះឆ្នោតចូលរួមបុណ្យក្រុមភេទទីបីLGBTQ Pride នៅក្រុងបាងកកកាលពីថ្ងៃ៤មិថុនា ២០២៣