​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ពួក​ជួញដូរ​គ្រឿងញៀន​បាន​រកឃើញ​វិធី​ថ្មី​នៃ​ការរត់ពន្ធ​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​គ្រី​ស្តាល់ ដែល​គេ​ស្គាល់​ថា​ម៉ា​ទឹកកក​ចេញពី​អាស៊ីអាគ្នេយ៍​ទៅ​កាន់​អតិថិជន​​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ខាង​ក្រៅ​តំបន់ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ​។​

​ក្រុម​ឧក្រិដ្ឋជន​កំពុង​ចល័ត​គ្រឿងញៀន​កាន់តែ​ច្រើនឡើង​តាម​សមុទ្រ​ដើម្បី​គេច​ពី​ការ​ល្បាត​ជើងគោក​ក្នុង​ប្រទេស​ថៃ​និង​ចិន ដោយ​ធ្វើឱ្យ​ពិបាក​រក​ឃើញ​គ្រឿងញៀន​។​

​ការិយាល័យ​អ​.​ស​.​ប​ទទួលបន្ទុក​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​បាន​និយាយថា ពួកគេ​បាន​រៀន “​គិតគូរ​ទុកជាមុន សម្រប​ខ្លួន និង​ព្យាយាម​គេច​ពី​មន្ត្រី​អនុវត្ត​ច្បាប់​”​។​

​ម៉ា​ទឹកកក​ត្រូវ​បាន​លក់​នៅក្នុង​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែ​លសេ​ឡង់​។​

​ទីភ្នាក់ងារ​អ​.​ស​.​ប​នេះ​បាន​ព្រមាន​ថា ការជួញដូរ​ថ្នាំ​មេតំ​ហ្វេ​តា​មីន​និង​ថ្នាំញៀន​ខុសច្បាប់​ផ្សេងទៀត​ក្នុង​ទ្រង់ទ្រាយ​ធំ​បែបនេះ​ដែល​ភាគច្រើន​ហូរ​ចេញពី​ទីតាំង​ផលិត​កំពូលៗ​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​​មី​យ៉ាន់​ម៉ា ក៏​មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ថមថយ​នោះ​ដែរ​។​

​រដ្ឋ​សាន​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​គឺជា​កន្លែង​ដែល​មនុស្ស​ភាគច្រើន​ជឿថា​ជា​កន្លែង​ជួញដូរ​ថ្នាំញៀន​ធំជាងគេ​របស់​ពិភពលោក​។ ក្រុម​ជួញដូរ​បាន​ដឹក​គ្រឿងញៀន​ចេញ​តាម​ព្រំដែន​ឡាវ កម្ពុជា និង​ថៃ ដែល​ជា​តំបន់​មួយ​ត្រូវ​គេ​ស្គាល់​ថា តំបន់​ត្រីកោណមាស​។​

​លោក ជេ​រ៉េមី ឌូ​ក្លាស (Jeremy Douglas) អ្នកតំណាង​ប្រចាំ​តំបន់​របស់​ទីភ្នាក់ងារ​អ​.​ស​.​ប​បាន​និយាយថា “​ក្នុង​ឆ្នាំ ២០២២​យើង​បានឃើញ​ពួកគេ​ធ្វើការ​នៅ​ជុំវិញ​ព្រំដែន​ថៃ​ច្រើនជាង​​ពេល​កន្លង​ទៅ​”​។​

“​ពួក​ជួញដូរ​បាន​បន្ត​ដឹក​គ្រឿងញៀន​ក្នុង​ចំនួន​យ៉ាងច្រើន​ឆ្លងកាត់​ឡាវ​និង​ភាគ​ខាងជើង​ថៃ ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នានេះ​ដែរ​ពួកគេ​បាន​ជំរុញ​ការផ្គត់ផ្គង់​ដ៏​សំខាន់​ឆ្លងកាត់​ភាគ​កណ្តាល​​ប្រទេស​មី​យ៉ាន់​ម៉ា​ទៅកាន់​សមុទ្រ​អានដាម៉ាន់ (Andaman)​ដែល​មនុស្ស​តិច​ណា​ស់​ចាប់អារម្មណ៍​”៕

​ក្រុម​ឧក្រិដ្ឋជន​កំពុង​ចល័ត​គ្រឿងញៀន​កាន់តែ​ច្រើនឡើង​តាម​សមុទ្រ​ដើម្បី​គេច​ពី​ការ​ល្បាត​ជើងគោក​ក្នុង​ប្រទេស​ថៃ​និង​ចិន