ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ខណៈកីឡាករជីអូវ៉ាននី ឌី ឡូរិនហ្សូ (Giovanni Di Lorenzo) បានក្លាយជាកីឡាករ Napoli ដំបូងគេដែលលើកពាន Serie A ឡើងលើមេឃចាប់តាំងពីឌីហ្គោ ម៉ារ៉ាដូណា (Diego Maradona) កីឡដ្ឋានដែលដាក់ឈ្មោះតាមកីឡាករអាហ្សង់ទីនដ៏អស្ចារ្យរូននេះបានផ្ទុះទៅជាសមុទ្រនៃក្តីរីករាយ។
Napoli បានលើកពាន Serie A ជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៣៣ ឆ្នាំជាមួយការប្រកួតនៅសល់ ៥ ជុំ ប៉ុន្តែត្រូវរង់ចាំរហូតដល់ថ្ងៃចុងក្រោយនៃរដូវកាលដើម្បីទទួលពាននៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួននៅឯកីឡដ្ឋាន Stadio Diego Armando Maradona ។
កីឡាករបាននាំគ្នារាំយ៉ាងរីករាយ ខណៈពួកគេលើកពានម្នាក់ម្តងៗ ស្របពេលដែលបទចម្រៀង “We Are The Champions” ត្រូវបានចាក់។
ឌី ឡូរិនហ្សូ ក្រោយមកបានដឹកនាំក្រុមនិងកីឡដ្ឋានទាំងមូលឱ្យនាំគ្នាច្រៀងថា “វាជាពួកយើង វាជាពួកយើង យើងជាជើងឯកអ៊ីតាលី”។
ក្រៅពីលើកពានក៏មានការប្រារព្ធពិធីបន្ថែមទៀតប្រហែលបីម៉ោងផងដែរបន្ទាប់ពីការបង្ហាញពាន ជាមួយនឹងការសម្តែងដោយតន្ត្រីករ រួមជាមួយនឹងការថ្លែងសុន្ទរកថានានា។ នៅដើមពិធីជប់លៀងមានការគោរពដល់លោកម៉ារ៉ាដូណា ហើយហ្វូងមនុស្សបានស្រែកខ្លាំងៗថា “ឌីហ្គោ! ឌីហ្គោ!”។
Napoli បានបិទរដូវកាលដ៏គួរឱ្យភ្ញាក់ផ្អើលនេះជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Sampdoria ដែលធ្លាក់រួចទៅហើយ នៅក្នុងការប្រកួតមិនសំខាន់។
ទន្ទឹមនេះ កីឡាករ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិក (Zlatan Ibrahimovic) ក៏ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ផងដែរ បន្ទាប់ពីការប្រកួតបិទរដូវកាលរវាង AC Milan និង Verona៕
ឌី ឡូរិនហ្សូ លើកពាន Serie A
ស្លាតាន់ប្រកាសចូលវិត្តន៍ពីបាល់ទាត់ហើយ