ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃ ទី ៥ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ សម្ព័ន្ធភាពខ្នាតតូចទាក់ទិននឹងការប្រើប្រាស់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ រវាងអាមេរិក អង់គ្លេស និង អូស្ត្រាលី កំពុងក្លាយទៅជាកង្វល់របស់អាស៊ាន និង បណ្ដាប្រទេស នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថាៈ «កត្តាភូមិសាស្ត្រនយោបាយ បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុក គឺសង្គ្រាម មិនមែនគ្រាន់តែជា បញ្ហាសង្គ្រាម រវាង រុស្ស៊ី និងអ៊ុយ ក្រែនទេ តែឥឡូវនេះ តំបន់អាស៊ីរបស់យើង កំពុងតែជាគោលដៅនៃ បញ្ហាប្រឈមគ្រោះថ្នាក់ ។ ឥឡូវ ប្រទេសមួយចំនួន ប្រកាសបញ្ជូននាវាចូល មកកាន់តែកៀកក្នុងភូមិសាស្ត្រអាស៊ីអាគ្នេយ៍ ហើយតម្រង់ឆ្ពោះទៅរកសមុទ្រចិនខាងត្បូង ។ បន្ថែមលើនោះ សម្ព័ន្ធភាពខ្នាតតូច ទាក់ទិននឹងការប្រើប្រាស់ នាវាមុជទឹក ដើរដោយនុយក្លេអ៊ែរ រវាង អាមេរិក អង់គ្លេស និងអូស្ត្រាលី ក៏កំពុងក្លាយទៅជាកង្វល់របស់អាស៊ាន និងបណ្ដាប្រទេស នៅក្នុងតំបន់ ព្រោះថា អាស៊ាន មានចំណុចពិសេសរបស់ខ្លួន គឺជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយយើងប្រឆាំងនឹងការ រីកផ្សាយ នៃអាវុធនុយក្លេអ៊ែរ »។
សម្តេចតេជោ បានបន្តថាៈ «ប្រសិនជាវាមិនមានហានិភ័យអ្ វីក៏វាជាចំណុចចាប់ផ្ដើម នៃការរត់ប្រណាំងសព្វាវុធ ដ៏មាន គ្រោះថ្នាក់ ដែលខ្ញុំយល់ថា បើសិនជានៅតែបន្តស្ថានភាព បែបនេះទៀត ពិភពលោក នឹងប្រឈមគ្រោះថ្នាក់កាន់តែធំ។ប៉ុន្តែយើងនៅតែមានសុឆន្ទៈថា ពិភពលោក និងរកការស្រុះស្រួលគ្នាមួយ ដើម្បីគ្រប់គ្រងទំនាក់ទំនង ហើយជាពិសេស ទៅទៀត ភាពតានតឹង រវាងសហរដ្ឋអាមេរិក ជាមួយនឹងចិន គឺត្រូវរកវិធីគ្រប់គ្រងទំនាក់ទំនងនេះ ហើយជៀសវាង ឲ្យបាន នូវការកកើតឡើងវិញ នៃសង្រ្គាមត្រជាក់ ។ ឥឡូវ សង្គ្រាមត្រជាក់ វាបានកើតរួចទៅហើយ ក៏ប៉ុន្តែយើងត្រូវទប់ស្កាត់កុំឲ្យវា អាចក្លាយទៅជាហានិភ័យគ្រោះថ្នាក់ នៃសង្គ្រាមដែលចាប់ផ្ដើម ពីការប៉ះទង្គិចដោយអាវុធណាមួយ» ។
សម្តេចបានបន្តថាៈ ណាតូ ធ្លាប់តែបែរទៅទិសខាងលិច ឥឡូវ ណាតូ ហាក់ដូចជាកំពុងឆ្ពោះមកកាន់អាស៊ីប៉ាស៊ីហ្វិក របស់យើង ក្រោមរូបភាពនេះ ក្រោមរូបភាពនោះ នេះជាកង្វល់ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ ចសរុបជិត ៦ ពាន់នាក់ ៕/V