​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកជិះ​កង់​បំបែក​ឯតទគ្គ​កម្ម​មួយរូប​នឹង​ចាប់ផ្តើម​ការ​ជិះ​កង់​ចម្ងាយ ៣.០០០ ម៉ា​យ (​ជិត​៥.០០០​គីឡូម៉ែត្រ​) លើ​កង់​ឫស្សី​ធ្វើ​ដោយ​ដៃ ជុំវិញ​ចក្រភព​អង់គ្លេស​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​វិបត្តិ​អាកាសធាតុ​។​

​លោកស្រី ខេ​ត ស្ត្រង (Kate Strong)​អាយុ ៤៤ ឆ្នាំ​បាន​គ្រង​តំណែង​ឯតទគ្គ​កម្ម​ពិភពលោក​ខាង​ជិះ​កង់​ចំនួន​បី​និង​ជា​ជើងឯក​ទ្រី​យ៉ា​ត្លុង ប៉ុន្តែ​សង្ឃឹមថា ការ​ជិះ​កង់​រយៈពេល ៩០ ថ្ងៃ​របស់​លោក​ស្រី​នឹង​ផ្តោតលើ “​ការផ្សារភ្ជាប់​គ្នា​”​។​

​លោកស្រី​ស្ត្រង ដែល​ធ្វើការ​ក្រៅ​ម៉ោង​ជា​ប្រធាន​ផ្នែក​ផល​ប៉ះពាល់​បរិស្ថាន​សម្រាប់​អង្គការ Climategames នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​វេស​មីន​ស្ទើ (Westminster) នៅ​ថ្ងៃទី ៥ ខែមិថុនា ដោយ​ជិះ​កង់​ទៅ​ទីក្រុងន័​រ​វីច (Norwich) សម្រាប់​ទីសំចត​ផ្លូវការ​ដំបូង​របស់​លោកស្រី មុនពេល​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​នានា​រួមទាំង​ទីក្រុង​អេឌីន​បឺក (Edinburgh) ទីក្រុង​ច​ន​អូ​ហ្គ្រោ​ត (John O’Groats) ទីក្រុង​ក្លាស​ហ្គោ (Glasgow) និង​ទីក្រុង​លីវើ​ភូល (Liverpool)​។​

​បន្ទាប់មក​លោក​ស្រី​គ្រោង​នឹង​ជិះ​កង់​តាម​បណ្តោយ​ឆ្នេ​រវែល (Wales) កាត់​តាម​ក្រុង​ខា​ឌី​ហ្វ (Cardiff) និង​ព្រី​ស្តុល (Bristol) មុន​ពេល​ទៅ​ដល់​ក្រុង​លែ​ន​ស៍អិន (Land’s End) ក្នុង​ខេត្ត​ខន​វ៉​ល (Cornwall) ហើយ​បន្ទាប់មក​នឹង​ត្រឡប់​ទៅ​ទីក្រុង​ឡុង​ដ៍​វិញ​ដើម្បី​បញ្ចប់​ការ​ជិះ​កង់​ដ៏​អស្ចារ្យ​នេះ​នៅ​ថ្ងៃទី ២ ខែ​កញ្ញា​។​

​លោកស្រី​ស្ត្រង​មកពី​ទីក្រុង​ឡុងដ៍​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន PA ថា “​វា​មាន​រយៈពេល​បី​ឆ្នាំ​ហើយ​។ ខ្ញុំ​មិនដែល​ជិះ​កង់​លើស​ពី​ប្រាំ​ថ្ងៃ​ជាប់​គ្នា​ទេ ដូច្នេះ​ខ្ញុំ​នឹងមាន ៩០ ថ្ងៃ​ជាប់ៗ​គ្នា​”​។​

“​ក្រៅ​ពី​ការ​រហែក​ដាច់​ស្បែកជើង ខ្ញុំ​ក៏​មិន​ទាន់​ច្បាស់​ដែរ​ទេ​ថា​តើ​ខ្ញុំ​នឹង​មាន​អារម្មណ៍​បែប​ណា ហើយ​នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បើកផ្លូវ​ឱ្យ​មនុស្ស​មក​ចូលរួម​ជាមួយ​ខ្ញុំ​”​។​

​លោកស្រី​ស្ត្រង​ត្រូវបាន​បំផុសគំនិត​ឱ្យ​សម្រេ​ចការ​ជិះ​កង់​ដ៏​ឆ្ងាយ​នេះ ដោយសារ​លោក​ស្រី​និយាយថា វិបត្តិ​អាកាសធាតុ​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់​។​

​លោកស្រី​បាន​និយាយថា “​ខ្ញុំ​មិនមែន​ជា​អ្នកវិទ្យាសាស្ត្រ​ទេ ហើយ​នេះ​គ្រាន់តែ​ជា​គំនិត​របស់​ខ្ញុំ ប៉ុន្តែ​យើង​ត្រូវការ​សកម្មភាព​ជា​បន្ទាន់ យើង​ត្រូវការ​វិធានការ​បន្ទាន់​”​។​

“​ហើយ​យើង​មាន​កម្រិត​មីក្រូ​បុគ្គល​ដែល​សំខាន់ ប៉ុន្តែ​ការផ្លាស់ប្តូរ​ដ៏​ធំ​បំផុត​គឺ​ចេញមក​ពី​រដ្ឋាភិបាល​។ យើង​ត្រូវការ​សកម្មភាព​ដ៏​ធំ ប៉ុន្តែ​ក្នុង​កម្រិត​បុគ្គល ហើយ​បន្ទាប់​មក​បញ្ជូន​វា​ទៅ​រដ្ឋាភិបាល​និង​មហាជន​ដើម្បី​ប្រាកដ​ថា​ក្របខណ្ឌ​ដែល​យើង​ធ្វើ បាន​គាំទ្រ​ដល់​រូបភាព​ធំ​ជាង​នេះ​ផង​ដែរ​”៕

​លោកស្រី​ស្ត្រង​នឹង​ចាប់ផ្តើម​ជិះ​កង់​ជិត​៥០០០​គីឡូម៉ែត្រ​នៅ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ចន្ទ​នេះ